(បាងកក)៖ នៅថ្ងៃទី២៦ ខែមិថុនា ប្រជាពលរដ្ឋថៃ ដែលជាអាជីវករថៃ នៅផ្សាររុងក្លឿ បាននាំគ្នាតវ៉ា ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងក្រុមយោធារបស់ពួកគេ បើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឡើងវិញ។
ការតវ៉ានេះ បានធ្វើឡើងចំពេលដែលនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថង ថាន បានចុះមកពិនិត្យមើលជាក់ស្តែងនៅច្រកទ្វារអន្តរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ប្រជាពលរដ្ឋ និងអាជីវករថៃ បាននិយាយថា ការបើកទ្វារច្រកបែបនេះ គឺគេមិនហៅថា បើកច្រកទេ។ បើកច្រកព្រំដែន គឺត្រូវធ្វើដូចមុន មនុស្សចេញចូលបាន នាំទំនិញចេញចូលជាមួយកម្ពុជាបាន។
ប្រជាពលរដ្ឋថៃ បានបង្ហាញពីការលំបាកនៅក្នុងជីវភាពរស់នៅ និងពិបាករកស៊ីយ៉ាងខ្លាំង ចាប់តាំងពីទាហានថៃ បានបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាមក៕