Update៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកទូទាំងតំបន់ហ្កាហ្សា ស្លាប់ជនជាតិប៉ាឡេស្ទីន ៩៥នាក់!

កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ជាច្រើននៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់៩៥នាក់ ក្នុងនោះរួមទាំងអ្នកស្វែងរកជំនួយ និងក្រុមគ្រួសារដែលជ្រកកោនក្នុងសាលារៀន ព្រមទាំងបណ្ដាលឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស។

ក្នុងការវាយប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ មានជនរងគ្រោះ៦២នាក់ក្នុងក្រុងហ្កាហ្សា និងភាគខាងជើងនៃដែនដីនេះ។ កងទ័ពជើងទឹកអ៊ីស្រាអែលបានវាយលុកលើហាងកាហ្វេមួយកន្លែងនៅមាត់សមុទ្រក្នុងទីក្រុង ហ្កាហ្សា ជាទីដែលយោធាបានបង្កើនការវាយប្រហារយ៉ាងខ្លាំង ដោយបានសម្លាប់មនុស្សជាង ៣០ នាក់ និងរាប់សិបនាក់ទៀតរងរបួស។
ក្នុងចំណោមអ្នកស្លាប់មានស្ត្រី កុមារ និងអ្នកកាសែត ដែលបានប្រមូលផ្តុំគ្នានៅហាងកាហ្វេ ជាកន្លែងជ្រកកោនដ៏សំខាន់ដែលផ្តល់សេវាអ៊ីនធឺណិត និងការរត់គេចពីស្ថានភាពដ៏លំបាកនៃជំរំភៀសខ្លួននានាក្នុងតំបន់នេះ។
លោក Hani Mahmoud អ្នកសារព័ត៌មាន Al Jazeera ដែលបានរាយការណ៍ពីទីក្រុងហ្កាហ្សា បាននិយាយថា ការវាយប្រហារនេះគឺស្ថិតនៅចំកណ្តាលនៃមជ្ឈមណ្ឌលសម្រាប់អ្នកជម្លៀសខ្លួន។
លោកបានបន្តថា តំបន់នេះជាកន្លែងជ្រកកោនសម្រាប់មនុស្សដែលរងរបួស និងជនភៀសខ្លួនជាច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *