(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារអបអរសាទរខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)។
តំបន់ប្រាសាទសំបូរព្រៃគុកគឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថាឦសានបុរៈសព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ ទី ៦ ដល់សតវត្សរ៍ទី៨ ក្នុង រជ្ជកាល ស្តេចឥសាន វរ្ម័នដោយបែងចែកជាបីក្រុមសំខាន់ៗរួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២ . ក្រុមប្រាសាទកណ្តាល (ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។
នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ ប្រាសាទសំបូរព្រៃគុកត្រូវបានសម្រេច ចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅ ក្នុង កិច្ច ប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភព លោកនៅទីក្រុងក្រាកូវ ប្រទេស ប៉ូឡូញ៕