កាលពីថ្ងៃអង្គារ(ទី៨ខែកក្កដា) លោក Donald Trump បានប្ដេជ្ញាថានឹងបង្កើនសង្គ្រាមពាណិជ្ជកម្មរបស់លោកបន្ថែមទៀតដោយគំរាមកំហែងពន្ធអាមេរិករហូតដល់ ២០០% លើឱសថបរទេស និង៥០% លើទង់ដែង ស្របពេលមានភាពច្របូកច្របល់ជុំវិញការកែប្រែផែនការរបស់លោក។
ប៉ុន្មានម៉ោងបន្ទាប់ពីបាននិយាយថា កាលបរិច្ឆេទចុងក្រោយរបស់លោកគឺ មិនរឹងមាំ១០០% ប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសថា គ្មានការពន្យារពេលលើសពីថ្ងៃទី១ ខែសីហា នោះទេ។
លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាពុំមានការផ្លាស់ប្តូរកាលបរិច្ឆេទនេះទេ បន្ទាប់ពីការចុះហត្ថលេខាលើក្រឹត្យ ដែលបានផ្លាស់ប្តូរកាលបរិច្ឆេទដែលដើមឡើយគ្រោងនឹងអនុវត្តចាប់ពីថ្ងៃទី ៩ ខែកក្កដា។
គោលនយោបាយផ្លាស់ប្តូរពន្ធពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឱ្យបណ្ដាប្រទេសនៅតំបន់អាស៊ី មានការពិបាកជាខ្លាំង៕