(ភ្នំពេញ)៖ នៅព្រឹកទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា៖ ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើតឡើងរួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាមរយៈការអនុម័តជាផ្លូវការនូវកម្មវិធី ការកែទម្រង់ច្បាប់ និងតុលាការ ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងចក្ខុវិស័យបង្កើតនូវវិស័យច្បាប់ និងតុលាការមួយដែលអាចជឿទុកចិត្តបាន និងមានស្ថិរភាព សម្រាប់ទ្រទ្រង់គោលការណ៍សិទ្ធិរបស់បុគ្គល ការបែងចែកអំណាចដាច់ពីគ្នា និងនីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការលើកស្ទួយនូវការរីកចម្រើនសេដ្ឋកិច្ចនាំមុខដោយវិស័យឯកជន។
ក្នុងទស្សនវិស័យនៃការបង្កើនល្បឿនការកែទម្រង់ច្បាប់ និងតុលាការ រាជរដ្ឋាភិបាលក៏បានអនុម័តនូវកម្មវិធីសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងតុលាការ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាល់ទី១ និងដែលត្រូវបានបន្តចាត់ទុកជាការងារអាទិភាពនៅដំណាក់កាលទាំងបួន នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ដោយពិនិត្យឃើញអំពីវិសាលភាព សារៈសំខាន់ និងភាពចាំបាច់នៃការជំរុញល្បឿននៃការកែទម្រង់ច្បាប់ រាជរដ្ឋាភិបាលនីតិកាលថ្មី ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងជវភាពថ្មីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅដើមអាណត្តិទី៧ នៃរដ្ឋសភានេះ បានសម្រេចធ្វើវិចារណកម្មស្ថាប័ននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដោយបង្កើតស្ថាប័នពីរដោយឡែកពីគ្នា គឺ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដឹកនាំដោយទីស្តីការគណៈរដ្ឋមន្ត្រី ដែលផ្តោតលើការកែទម្រង់ប្រព័ន្ធច្បាប់ទាំងមូលរបស់ប្រទេស រីឯគណៈកម្មាធិការដឹកនាំការកែទម្រង់យុត្តិធម៌ ដឹកនាំដោយក្រសួងយុត្តិធម៌ ដែលផ្តោតលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌ប្រទេស ស្របតាមអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានចារឹកទុកជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ។
ស្របតាមទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ តាមព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/១៥០ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានកំណត់តួនាទី និងភារកិច្ច ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ និងពង្រឹងមុខងារនីតិកម្ម នៃក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងបុព្វហេតុ នៃការពង្រឹងនិងពង្រីកគុណភាព និងប្រសិទ្ធភាពនៃវប្បធម៌នីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងស្មារតីនេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានរៀបចំ ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធី កែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។
ដែលជាមគ្គុទេសក៍បង្ហាញផ្លូវ ក្នុងការដឹកនាំ សម្របសម្រួល ការផ្តល់ប្រឹក្សា ការតាក់តែង ការត្រួតពិនិត្យការអនុវត្ត និងការដោះស្រាយវិវាទនៃច្បាប់ ដោយត្រូវធានា ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការអនុវត្តច្បាប់ ស្របតាមចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយ ។
កំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤គឺ យុទ្ធសាស្ត្រគន្លឹះទី១ ដឹកនាំ និងសម្របសម្រួលចងក្រង និងផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី២ ដឹកនាំ និងសម្របសម្រួលរៀបចំ ក្របខ័ណ្ឌតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី៣ ដឹកនាំនិងសម្របសម្រួលពិនិត្យ និងវាយតម្លៃគុណភាព និងប្រសិទ្ធភាពនៃការតាក់តែងនិងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រគន្លឹះទី៤ ដឹកនាំនិងសម្របសម្រួលរៀបចំក្របខ័ណ្ឌដោះស្រាយវិវាទគតិយុត្ត និង ការពារនីត្យានុកូលភាព។
ផ្អែកតាមយុទ្ធសាស្ត្រគន្លឹះទាំង៤ខាងលើ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់បានរៀបចំនូវគោលដៅយុទ្ធសាស្ត្រនៃការកែទម្រង់ច្បាប់ចំនួន៤ ដែលអាចសម្រេចតាមជំហាននៃការកែទម្រង់ និងលំដាប់អាទិភាពនៃសេចក្តីត្រូវការជាក់ស្ដែងសម្រាប់រយៈពេល២០ឆ្នាំទៅមុខ ដែលចែកជា ៤ដំណាក់កាលរួមមាន៖
ទី១ ពិនិត្យានុភាវូបនីយកម្មនៃលិខិតបទដ្ឋានគតិយុត្ត (Accessibility of Laws) សំដៅដល់ការផ្សព្វផ្សាយជាសាធារណៈ តាមបែបប្រពៃណីផង (លិខិតរឹង) និងបែបទំនើប ឬឌីជីថល (លិខិតទន់) ដែលធានាភាពជឿទុកចិត្តបាន សុពលភាពគតិយុត្ត អាចជំទាស់បាន និងទទួលស្គាល់ ឬទទួលខុសត្រូវដោយសា្ថប័នជាក់លាក់ (ជាក់ស្តែងទីស្តីការគណៈរដ្ឋមន្ត្រី)។
ទី២ សុខដុមភាវូបនីយកម្មនៃបទដ្ឋានគតិយុត្ត (Harmonization of Laws) សំដៅដល់ការធានាសង្គតិភាព បូរណភាព និងនីត្យានុកូលភាព នៃការតាក់តែងសេចក្តីព្រាងច្បាប់ ការបកស្រាយ និងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
ទី៣ ឯកសណ្ឋានូបនីយកម្មប្រព័ន្ធច្បាប់ (Uniformization of Legal System) សំដៅដល់ការបន្ស៉ីគ្នារវាងប្រព័ន្ធច្បាប់ខ្មែរបច្ចុប្បន្ន ជាមួយប្រព័ន្ធច្បាប់ផ្សេងៗ ស្របតាមតម្រូវការកែទម្រង់នានារបស់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលក្នុងបំណងធានាឯកភាពជាប្រព័ន្ធនៃនីតិរដ្ឋកម្ពុជា។
ទី៤ បូរណភាពនៃប្រព័ន្ធច្បាប់ និងចីរភាពវប្បធម៌នីតិរដ្ឋ (Integrity of the Legal System and Continuity in Respect for the Rule of Law) សំដៅដល់ការកសាងអត្តសញ្ញាណនៃប្រព័ន្ធច្បាប់កម្ពុជា ដោយធានាបាននូវការប្រកាន់ខ្ជាប់ជានិរន្តរ៍នូវការគោរពប្រតិបត្តិ និងតម្កល់ច្បាប់ជាធំពីសំណាក់ប្រជាពលរដ្ឋ អ្នកដឹកនាំ និងគ្រប់ក្រសួង ស្ថាប័នដោយស្មើភាពគ្នា និងជំនឿទុកចិត្ត។
បន្ថែមពីលើនេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងទីស្តីការគណៈរដ្ឋមន្ត្រី ក៏ត្រូវបំពេញមុខងារ និងតួនាទីស្នូលរបស់ខ្លួនចំនួន៤បន្ថែមទៀតរួមមាន។
ទី១ ភាពជឿទុកចិត្តបាននៃលិខិតបទដ្ឋានគតិយុត្ត សំដៅដល់លិខិតបទដ្ឋានគតិយុត្ត ត្រូវបានប្រមូលផ្តុំនិងផ្សព្វផ្សាយ ប្រកបដោយភាពជឿទុកចិត្តបាន និងអាចជំទាស់បាន ជូនដល់សាធារណជន ដោយសា្ថប័នទទួលខុសត្រូវជាក់លាក់។
ក្នុងន័យនេះ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មិនត្រឹមតែ តាក់តែងឡើងដោយបង្កប់នូវគុណតម្លៃរួម ឆ្លើយតបនឹងតថភាពសង្គមជាក់ស្ដែង បម្រើឱ្យការកសាងជាតិ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាំងតាមមធ្យោបាយប្រពៃណី ទាំងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល ដែលអនុញ្ញាតឱ្យមន្ត្រីអនុវត្ត និងប្រជាពលរដ្ឋ អាចងាយស្វែងរក ស្វែងយល់ និងសិក្សារៀនសូត្របាន។
ក្នុងន័យនេះ ទីស្តីការគណៈរដ្ឋមន្ត្រី មានភារកិច្ចធានាថារាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលក្រសួង ស្ថាប័ន បានរៀបចំនិងដាក់ឱ្យអនុវត្ត ត្រូវបានប្រមូលចងក្រង និងផ្សព្វផ្សាយជាសាធារណៈជាអាទិ៍ ការរៀបចំចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត តាមវិស័យផ្អែកតាមវិធីសាស្ត្រក្រមភាវូបនីយកម្ម ការរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងនិងផ្សព្វផ្សាយទិន្នន័យរួម និងការចងក្រងជាសទ្ទានុក្រមគតិយុត្តតាមវិស័យ។
ទី២ បូរណភាពនៃនីតិធរមានឬនីតិវិជ្ជមាន សំដៅដល់នីតិធរមាន/វិជ្ជមាន ដែលមានលក្ខណៈពេញលេញ ប្រទាក់ក្រឡា សង្គតិភាព និងឥតខ្វះចន្លោះដែលត្រូវបានប្រមូលផ្ដុំពីគ្រប់ក្រសួង ស្ថាប័ន ដោយបានរៀបចំសម្រាប់អនុវត្តគោលនយោបាយ និងយុទ្ធ សាស្ត្ររបស់រាជរដ្ឋាភិបាល ស្របតាមរបៀបវារៈ គោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយធានាបានថាផ្ដល់ផលប៉ះពាល់ជាវិជ្ជមានដល់បុគ្គល សហគមន៍ អង្គការ ក្រុមហ៊ុន ធុរកិច្ច សេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។
ទី៣ តុល្យភាពនៃមុខងារ និងសមត្ថកិច្ច សំដៅដល់ប្រព័ន្ធស្ថាប័ន មុខងារ សមត្ថកិច្ច និងយន្តការ ដែលធានាឱ្យមានការបែងចែកមុខងារ និងតួនាទីរវាងអ្នកអនុវត្តច្បាប់ និងអ្នកត្រួតពិនិត្យការអនុវត្តច្បាប់ ប្រកបដោយគណនេយ្យភាព សុចរិតភាព សមធម៌ និងតុល្យភាពរវាងមុខងារ សិទ្ធិអំណាច និងការទទួលខុសត្រូវ ជៀសវាងការបំពានសិទ្ធិអំណាច ដែលនាំទៅរកការប៉ះពាល់ដល់គោលការណ៍គ្រឹះនៃជវភាព នៃប្រព័ន្ធតួអង្គតែមួយ។
ទី៤ មណ្ឌលមជ្ឈភាព សំដៅដល់អព្យាក្រឹតភាព និងភាពជាកណ្តាលរបស់គណៈកម្មាធិការ ដឹកនាំការកែទម្រង់ច្បាប់ និងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការធានា សម្របសម្រួល និងដោះស្រាយភាពមិនស៊ីចង្វាក់គ្នា ការត្រួតស៊ីគ្នា ឬទំនាស់រវាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធនានាក្នុងពេលអនុវត្ត។
ក្នុងករណីក្រសួងស្ថាប័នពីរ ឬច្រើន មានទស្សនៈផ្សេងគ្នា ក្នុងពេលអនុវត្តគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងទីស្តីការគណៈរដ្ឋមន្រ្តី មានភារកិច្ចស្នូលក្នុងការធានាការឯកភាពគ្នា ទាំងលើការប្រើប្រាស់ពាក្យច្បាប់ ទស្សនាទានច្បាប់ ទាំងការកំណត់ខ្លឹមសារ ឬអភិក្រមនៃការបកស្រាយ ខ្លឹមសារច្បាប់។
ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលនេះ ត្រូវបានរៀបចំ និងដាក់ឆ្លង កិច្ចប្រជុំក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ និង ដាក់ពិភាក្សាយ៉ាងទូលំទូលាយក្នុងសិក្ខាសាលាថ្នាក់ជាតិនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័ន វិជ្ជាជីវករច្បាប់ សាស្ត្រាចារ្យនីតិសាស្ត្រ អ្នកជំនាញការជាតិ និងអន្តរជាតិ ប្រមាណ២៥០រូប។
សម្តេចធិបតី បានគូសរំលេចថា កម្ពុជាត្រូវការប្រព័ន្ធច្បាប់មួយដែលផ្អែកលើនីតិរដ្ឋ ដើម្បីការពារឯករាជ្យ បូរណភាពទឹកដី ភាពជាម្ចាស់ ការពារសិទ្ធិមនុស្ស និងកម្មសិទ្ធិឯកជន យុត្តិធម៌សង្គម ព្រមទាំងគាំទ្រដល់សេដ្ឋកិច្ចទីផ្សារដែលរស់រវើក ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចទាំងមូល។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវបំពេញតួនាទីយ៉ាងសំខាន់ជាយន្តការដឹកនាំសម្របសម្រួល និងជំរុញអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាពនិងប្រសិទ្ធភាពច្បាប់។
ជាមួយគ្នានេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវបំពេញតួនាទីក្នុងការដឹកនាំ ការសម្របសម្រួល គាំទ្រ និងពង្រឹងមុខងារនីតិកម្មនៃក្រសួង ស្ថាប័ន របស់ រាជរដ្ឋាភិបាល ជាមួយនឹងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងបុព្វហេតុនៃការកសាងអត្តសញ្ញណ នៃប្រព័ន្ធច្បាប់កម្ពុជា ការពង្រឹងនិងពង្រីកគុណភាព ប្រសិទ្ធភាពនៃវប្បធម៌នីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា និងមានវិសាលភាពគ្របដណ្តប់លើការកសាងប្រព័ន្ធច្បាប់កម្ពុជាទាំងមូលនៅលើមាគ៌ានៃការពង្រឹងអភិបាលកិច្ច និងធានាចីរភាពនៃវប្បធម៌នីតិរដ្ឋ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិផង និងបរិការណ៍ប្រវត្តិសាស្ត្រកម្ពុជាផង។
សម្តេច បានគូសរំលេចផងដែរថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបរៀងដោយយកចិត្តទុកដាក់ និងពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយគណៈកម្មាធិការដឹកនាំ ការកែទម្រង់ច្បាប់ គឺជាមគ្គុទេសក៍បង្ហាញផ្លូវដំបូង ក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តការងារទាក់ទងនឹងការកែទម្រង់ច្បាប់ ដោយគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ សំដៅកែទម្រង់ច្បាប់កម្ពុជាឱ្យ ទៅជាប្រព័ន្ធច្បាប់មួយដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាពគតិយុត្ត និងសន្តិសុខ គតិយុត្ត ស្របតាមឧត្តមានុវត្តន៍អន្តរជាតិនិងបរិការណ៍កម្ពុជា។
សម្តេចធិបតី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ផ្តល់កិច្ចសហការ និងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៅក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ ច្បាប់របស់រាជរដ្ឋាភិបាលនេះ ជាពិសេសនៅក្នុងការបង្កើតនិងដាក់ឱ្យដំណើរការគណៈកម្មការជំនាញ ទទួលបន្ទុកតាមវិស័យ គណៈកម្មការជាតិការពារនីត្យានុកូលភាព គណៈកម្មការជាតិភាសាច្បាប់ និងក្រុមការងារកែទម្រង់ច្បាប់នៅក្នុងក្រសួង ស្ថាប័ន។
ផ្អែកលើការគាំទ្រ និងការចូលរួមអនុវត្តដោយសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងតួអង្គពាក់ព័ន្ធទាំងអស់ សម្តេចមហាបវរធិបតី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹង បោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ដើម្បីសម្រេចបាននូវការកសាងនិម្មាបនកម្មនៃប្រព័ន្ធច្បាប់ និងវប្បធម៌នីតិរដ្ឋ ដោយផ្អែកលើគុណតម្លៃប្រវត្តិសាស្ត្រកម្ពុជានិងគុណតម្លៃសាកល ដើម្បីធានាស្ថិរភាពនិង ចីរភាពនៃការកសាងរដ្ឋមួយដែលរឹងមាំ ឯករាជ្យ អធិបតេយ្យ ប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិ សេរីភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស សមធម៌ និងយុត្តិធម៌ក្នុងសង្គម វប្បធម៌ថ្កុំថ្កើងរុងរឿង និងប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារជឿនលឿន៕