កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ កក្កដា) ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថាអាមេរិក នឹងដាក់ពន្ធ ៣៥% លើការនាំចូលពីប្រទេសកាណាដា នៅខែក្រោយនេះ ហើយគ្រោងនឹងបង្កើនពន្ធចំនួន ១៥% ឬ ២០% លើទំនិញរបស់ដៃគូពាណិជ្ជកម្មផ្សេងទៀត។
នៅក្នុងលិខិតមួយដែលចេញផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បានប្រាប់លោកនាយករដ្ឋមន្ត្រីកាណាដា Mark Carney ថា អត្រាដ៏ខ្ពស់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ហើយព្រមានថាតួលេខនឹងកើនឡើងទៀត ប្រសិនបើកាណាដាសងសឹក។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ដដែលនេះ លោក Trump បាននិយាយថា ដៃគូពាណិជ្ជកម្មផ្សេងទៀតដែលមិនទាន់បានទទួលលិខិតបញ្ជាក់អត្រាពន្ធបែបនេះ ទំនងជានឹងប្រឈមមុខនឹងពន្ធយ៉ាងទូលំទូលាយ។
លោក Trump បាននិយាយក្នុងបទសម្ភាសន៍នោះថា៖ មិនមែនអ្នករាល់គ្នាត្រូវតែទទួលលិខិតនោះទេ អាមេរិកគ្រាន់តែកំណត់អត្រាពន្ធរបស់ខ្លួនប៉ុណ្ណោះ។ លោកបន្តថា “ប្រទេសដែលនៅសេសសល់ទាំងអស់នឹងត្រូវបង់ពន្ធ មិនថា ២០% ឬ ១៥% នោះទេ ហើយឥឡូវអាមេរិកកំពុងបន្តធ្វើការលើរឿងនេះ៕