មន្ត្រីនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ជិត៣០រូបប្ដឹង សុំដកប្រធានអង្គភាព!

(សៀមរាប)៖ មន្ត្រីនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ចំនួន២៨រូបបាន ផ្តិតមេដៃ លើលិខិតមួយ ដោយគោរពជូននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ដោយស្នើរសុំដកលោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៩ ជាប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ចេញពីមុខដំណែង.!។

លិខិតនោះចុះកាលបរិច្ឆេទថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣ តែអ្នកសារព័ត៌មាន ទើបនឹងបានទទូលពីមន្ត្រីនគរបាលម្នាក់ សុំមិនបញ្ចេញឈ្មោះ កាលពីរសៀលថ្ងៃទី៤ ខែមករាឆ្នាំ២០២៤ ដោយមាន៩ចំណុចពាក់ព័ន្ធពីកំហុស របស់ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប។
ទី១-មិនចេះគ្រប់គ្រងនិងដឹកនាំបញ្ជាកម្លាំងក្នុងអង្គភាព ឱ្យបានត្រឹមត្រូវតាមឋានានុក្រម ។
២-ធ្វើការងារមិនសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធ។
៣-បញ្ជាឱ្យមន្ត្រីផ្នែកនីតិវិធីយកលុយពីភ្ញៀវទេសចរណ៍ ដែលមកដាក់ពាក្យបណ្ដឹង សុំលិខិតបញ្ជាក់ក្នុងករណីបាត់បង់សម្ភារ ឬលិខិតឆ្លងដែនជាដើម ធ្វើឱ្យភ្ញៀវទេសចរមិនសប្បាយចិត្ត។
៤-មិនដែលប្រជុំរួមដើម្បីពង្រឹងកម្លាំងរបស់ខ្លួន និងមិនមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោម។

៥-មិនដែលរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំ លោកអនុប្រធាននាយកដ្ឋានដែលប្រចាំទិសនៅអង្គភាពខេត្តសៀមរាប។
៦-មិនចេះធ្វើផែនការណ៍អនុវត្តន៍ដឹកនាំជំនាញ តាមតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍។
៧-ធ្វើការរកតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ប្រទេសជាតិ។

៨-ធ្វើអ្វីតាមតែចិត្តនឹកឃើញ មិនដែលពិភាក្សាជាមួយថ្នាក់ដឹកនាំអង្គភាពផ្សេងៗ។
៩-ប្រេងសាំងដែលទទួលពីអគ្គស្នងការនគរបាលជាតិ ផ្តល់ឱ្យអង្គភាពក្នុងមួយត្រីមាស ជាង១.០០០លីត្រសម្រាប់ផ្គត់ផ្គង់ម៉ូតូ រថយន្ត ជារបស់រដ្ឋក្នុងការចុះបំពញ បេសកម្មតាមគោលដៅប្រចាំថ្ងៃ មិនបានយកប្រើប្រាស់ ជាប្រយោជន៍រួមទេគឺផ្តាច់ទាំងអស់។

ពាក់ព័ន្ធកំហុសទាំង៩ចំណុចខាងលើ ដែលបានដាក់បន្ទុកលើប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាបនោះ«ដើមរាំង»មិនអាចសុំការបំភ្លឺពី លោកវរសេនីយ៍ទោ ទី សុខឡែនបាននៅឡើយទេនៅល្ងាចថ្ងៃទី៤មករានេះ។
សារព័ត៌មានយើងនឹងព្យាយាម ទំនាក់ទំនងទៅសាម៉ីខ្លួន ដែលរងការចោទប្រកាន់ ដើម្បីផ្សព្វផ្សាយបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version