សម្តេចតេជោ បង្ហើបថាលោក ថាក់ស៊ីន ធ្លាប់ទម្លាយឯកសារថៃឲ្យសម្តេច កាលលោក អភិសិត ជានាយករដ្ឋមន្ត្រី!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហើបថា លោក ថាក់ស៊ីន ធ្លាប់ទម្លាយឯកសារថៃជំនាន់ឲ្យសម្តេច កាលលោក អភិសិត កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ។

សម្តេចតេជោ ទង្វើរបស់លោក ថាក់ស៊ីន ដែលផ្តល់ឯកសារឲ្យសម្តេច គឺជាអំពើក្បត់ជាតិ។

សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះ ថាក់ស៊ីន ត្រូវចាំ ថាក់ស៊ីនឯងលួចផ្តល់ឯកសារឲ្យខ្ញុំយ៉ាងណា នៅពេលដែលរដ្ឋាភិបាល អភិសិត។
ថាក់ស៊ីន កុំច្រឡំ ថាក់ស៊ីន ឯងនិយាយខុសហើយ។

ខ្ញុំបង្ហោះសារពីម្សិលមិញ ថ្ងៃនេះ ខ្ញុំនិយាយថែមបន្តិចទៅចុះ។
ថាក់ស៊ីន កុំភាន់ច្រឡំ ថាក់ស៊ីន ឯងថា ស្តាយដែលរាប់អានមនុស្សខុស ថាក់ស៊ីន ឯងយល់ច្រឡំធំណាស់ បើគ្មាន ហ៊ុន សែន ថាក់ស៉ីន ក៏អត់អាចចូលស្រុកបានដែរ ហើយក៏មិនអាចមកតំបន់អាស៊ីអាគ្នេយ៍បានដែរ។

ប៉ុន្តែ ថាក់ស៊ីន ឯងចង់ឲ្យខ្ញុំបញ្ចេញ ថាក់ស៊ីន ឯងបញ្ជូនឯកសារអភិសិត វ៉ាចាជីវ៉ា ឲ្យខ្ញុំ។
ថាក់ស៊ីន ឯងមានបទល្មើសក្បត់ជាតិថៃខ្លួនឯង ខ្ញុំមានឯកសារ ខ្ញុំអាចនិទាន ៣ម៉ោង ទៅ៤ម៉ោង។

សម្តេចតេជោ បន្តថាយប់មិញ ខ្ញុំមើលតិកតុក គឺឆ្នាំ២០១០ ខ្ញុំប្រកាសអត់យកលុយថៃ កសាងផ្លូវលេខ៦៨ អភិសិត បានទូរសព្ទមកសួរខ្ញុំ ថាតើម៉េចបានជាឯកឧត្តម មិនទទួល ប្រាក់កាក់។
ខ្ញុំថា អត់ទទួលទេ ដោយសារខ្ញុំទទួលបានព័ត៌មានជាក់លាក់ថា ឯកឧត្តមបង្កកលុយ ដើម្បីធ្វើមកលើកម្ពុជា។
អីចឹង តើឯកសារហ្នឹង បានមកពីណា គឺបានមកពី ថាក់ស៊ីន អ្នកលួចផ្តល់ឯកសារមកឲ្យខ្ញុំ។
អីចឹង ថាក់ស៊ីន សូមកុំច្រឡំ កុំច្រឡោត កូនខ្លួនឯងប្រមាថខ្ញុំ ទើបខ្ញុំត្រូវធ្វើ។

ខ្ញុំនិងកាសែត Nikkei បានធ្វើការទស្សន៍ទាយថា ហេតុអ្វីបានជា ហ៊ុន សែន ធ្វើអីចឹង ចុងក្រោយ កាសែត Nikkei ធ្វើការសន្និដ្ឋានមួយបានត្រឹមត្រូវ ថាលោក ហ៊ុន សែន ធ្វើអីចឹង ព្រោះចង់ដោះស្រាយព្រំដែន ដែលមិនទាន់ដាច់ស្រេចគ្នា គឺនៅក្នុងពេលវេលា ដែលគាត់នៅមានអំណាច។ ត្រឹមត្រូវ ខ្ញុំចង់ដោះស្រាយអាហ្នឹង។

សម្តេចតេជោ ហ៊ុន សែន គឺមិនចង់បានសង្គ្រាមទេ ហើយការយកសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ឡើងទៅតុលាការអន្តរជាតិឡេអេ គឺជាសន្តិវិធីដែរ។ ការចរចាទ្វេភាគីក៏សន្តិវិធី​ និងការឡើងទៅតុលាការក៏សន្តិវិធី ព្រោះជម្រើសអត់មានអ្វីផ្សេងទេ។
សម្តេចតេជោ ក៏បានអំពាវនាវដល់បរទេសទាំងឡាយ ដែលគោរពច្បាប់ សូមគោរពគោលជំហររបស់កម្ពុជាផងដែរ។

សូមជម្រាបថា នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមយកពេលវេលាជាង៣ម៉ោង ទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version