អ្នកនាំពាក្យ ចេញបំភ្លឺពាក់ព័ន្ធករណីប៉ះសម្តីគ្នារវាងអ្នកទេសចរខ្មែរនិងទាហានថៃនៅប្រាសាទតាមាន់ធំ!

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈបណ្តាសង្គម នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានបកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំរវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃថា៖

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរ ក៏មិនសប្បាយចិត្ត ឈានទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះ ក៏បានហាមឃាត់មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។ ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាការនៃទាហានទាំងសងខាង ក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ ស្ថានភាពនៅប្រាសាទតាមាន់ធំ មានសភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការទៅទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ។

ជាចុងក្រោយអ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់រក្សានូវភាពអត់ធ្មត់ ការអត់ឱន សេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក ស្របពេលមានករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version