កាលពីថ្ងៃអង្គារ(ទី១៥ខែកក្កដា) រដ្ឋមន្ត្រីការពារជាតិស៊ីរី លោក Murhaf Abu Qasra បានប្រកាសបទឈប់បាញ់ក្នុងទីក្រុង Suwayda នៅភាគខាងត្បូងប្រទេសស៊ីរី បន្ទាប់ពីមានការចរចាជាមួយមេដឹកនាំសហគមន៍មូលដ្ឋាន។
ប្រភពពីសារព័ត៌មានAANews។
លោក Murhaf Abu Qasra បាននិយាយនៅលើ X ថា ចំពោះអង្គភាពទាំងអស់ដែលប្រតិបត្តិការនៅក្នុងទីក្រុង Suwayda យើងប្រកាសបទឈប់បាញ់ពេញលេញមួយបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយពួកព្រឹទ្ធាចារ្យ និងឥស្សរជនរបស់ទីក្រុង។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា កងកម្លាំងស៊ីរីនឹងឆ្លើយតបតែចំពោះការវាយប្រហារដោយផ្ទាល់ ឬប្រភពនៃការបាញ់ប្រហារពីក្រុមក្រៅច្បាប់តែប៉ុណ្ណោះ។
រដ្ឋមន្ត្រីបានបង្ហាញផែនការប្រគល់សង្កាត់នានាក្នុងទីក្រុង Suwayda ដល់កងកម្លាំងសន្តិសុខផ្ទៃក្នុងភ្លាមៗនៅពេលដែលប្រតិបត្តិការបោសសម្អាតត្រូវបានបញ្ចប់ដើម្បីស្តារសណ្តាប់ធ្នាប់ ធ្វើឱ្យអ្នកស្រុកត្រឡប់ទៅផ្ទះរបស់ពួកគេវិញ និងធ្វើឱ្យមានស្ថិរភាពក្នុងទីក្រុងឡើងវិញ៕