នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែកក្កដា) ទីភ្នាក់ងារសារព័ត៌មានរដ្ឋINA បានរាយការណ៍ថា មនុស្សយ៉ាងតិច៦០នាក់ បានស្លាប់នឹងមនុស្ស១០នាក់បានបាត់ខ្លួន និងជាច្រើននាក់ទៀតរងរបួសនៅក្នុងអគ្គិភ័យផ្សារទំនើបមួយកន្លែងក្នុងក្រុង al-Kut ភាគខាងកើតប្រទេសអ៊ីរ៉ាក់។
វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅលើអគារផ្សារកម្ពស់ ៥ជាន់មួយកន្លែងនៅក្រុង Kut ខេត្ត Wasjit ពេញមួយយប់ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់អណ្ដាតភ្លើង។
INA រាយការណ៍ថា មូលហេតុនៃការឆេះនេះមិនត្រូវបានគេដឹងភ្លាមៗទេ ដោយអភិបាលខេត្ត Wasjit លោក Mohammed al-Mayahi បាននិយាយថា លទ្ធផលដំបូងពីការស៊ើបអង្កេតនឹងត្រូវបានប្រកាសក្នុងពេល ៤៨ម៉ោងខាងមុខ ហើយអ្នកពន្លត់អគ្គិភ័យបានសង្គ្រោះមនុស្សមួយចំនួន និងពន្លត់ភ្លើងបានទាំងស្រុង៕