កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែកក្កដា) បេសកជនរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំសម្ព័ន្ធយោធាណាតូ បាននិយាយថាអាមេរិកកំពុងពន្លឿនការបញ្ជូនសព្វាវុធទៅឱ្យប្រទេសអ៊ុយក្រែន។
លោក Trump បានប្រកាសកាលពីថ្ងៃច័ន្ទនូវកិច្ចព្រមព្រៀងជាមួយអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte ដែលនឹងមើលឃើញសម្ព័ន្ធមិត្តអឺរ៉ុបទិញសព្វាវុធផលិតដោយសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូតទំនើប ហើយបញ្ជូនទៅកាន់ទីក្រុងគីវ។
ការប្រកាសនេះបង្ហាញពីការផ្លាស់ប្តូរមួយសម្រាប់លោក Trump ដែលមានការខកចិត្តជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីការបរាជ័យម្តងហើយម្តងទៀតក្នុងការឈានដល់បទឈប់បាញ់នៅអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសម្ព័ន្ធយោធា NATO លោក Matthew Whitaker បានប្រាប់អ្នកសារព័ត៌មានថា យើងទាំងអស់គ្នាកំពុងធ្វើការយ៉ាងប្រញាប់ប្រញាល់ ដើម្បីជួយសម្រួលដល់កិច្ចការងារនេះនិងធ្វើវាឲ្យបានរួចរាល់ ហើយខ្ញុំគិតថាអ្វីៗពិតជាមានដំណើរការយ៉ាងលឿន៕