(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយហៅ(ACU) បានឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ជុំវិញការទទួលប្រាក់ពីមេការ Online Scam ជាថ្នូរនឹង ដោះលែងជនសង្ស័យចំនួន០៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
-ការឃាត់ខ្លួននេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅខេត្តពោធិ៍សាត់ភ្លាមៗនៅពេលអធ្រាត្រថ្ងៃទី១៦ ខែកក្តដា ហើយថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុកលួយ បានចុះទៅស្រាវជ្រាវប្រមូលភស្តុតាង ដល់ទីកន្លែងឃុំថ្មដាតែម្ដង!។
លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្ដាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញ មានបន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា។
កាលពីកន្លងទៅ តាមរយៈសារសំឡេងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រតិកម្មរឿងលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ រត់ការដោះលែងអ្នកដែលពាក់ព័ន្ធ(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យា។
សម្តេចធិបតី បានបញ្ជាឱ្យក្រសួងយុត្តិធម៌ ចាត់ចែងជាបន្ទាន់ ហើយបើសិនជាមានការយកលុយយកកាក់ខាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅក្នុងគណ:កម្មការចំពោះកិច្ចត្រូវចាត់ការភ្លាមអតមានចាំស្អែកទេ។
បន្ទាប់ពីសម្តេចធិបតី ប្រតិកម្មក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ។
ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ដោះលែងជនល្មើស៕