(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២៥.០៧.២០២៥ បានចេសេចក្តីថ្លែងការណ៍ ដោយថ្កោលទោស ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដោយយោធាថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា។
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត។
បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង ប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រាប់បែកចង្កោម នៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ ព្រំដែនក្នុងទឹកដីកម្ពុជា។
តាមព័ត៌មាន(បឋម)ដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ។
ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្ក ការគំរាមកំហែងចំពោះប្រជាជន ប្រតិបត្តិករបោសសម្អាតមីន និងសហគមន៍ក្នុងតំបន់ព្រំដែន។
ទង្វើនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ គ្រាប់បែកចង្កោមត្រូវ បានហាមប្រាម នៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោសារតែគ្រាប់នេះ បង្កផលប៉ះពាល់ទៅលើផ្ទៃ ដីធំ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច។
កម្ពុជា បានយល់ច្បាស់អំពីផលប៉ះពាល់ ដ៏អាក្រក់របស់គ្រាប់ចង្កោម ដោយកម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រាប់ប្រភេទនេះ ដែលបានទម្លាក់ជាច្រើនលានគ្រាប់នៅក្នុងសម័យសង្គ្រាម។
គ្រាប់បែកចង្កោមទាំងនេះ បានបង្កគ្រោះ ថ្នាក់ដល់អាយុជីវិតប្រជាជនរារាំងការអភិវឌ្ឍ ជំនាន់ទៅមុខ និងបង្កភាពភ័យក្លាយដល់សហគមន៍ជាច្រើន
ការប្រើប្រាស់គ្រាប់បែកចង្កោមជាពិសេសនៅក្នុងតំបន់ព្រំដែនដែលមានប្រជាជនរស់នៅកកកុញ គឺជាទង្វើបំពានដែលមិនអាចទទួលយកបានឡើយ ព្រោះវាជាការមិនគោរពដល់អាយុជីវិតមនុស្ស គោលការណ៍មនុស្សធម៌ និងសន្តិភាពក្នុងតំបន់។
កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការ បោសសម្អាតរាល់សំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ប៉ុន្តែ ការប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ ពិតជា បានគំរាមកំហែងដល់អាយុជីវិត និងកិច្ចសហប្រតិបត្តិការ និងទំនុកចិត្ត ដែលបានសាងមកអស់ រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
គួរំលឹកថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ បណ្ដាលឱ្យភាគីថៃ ស្លាប់១៤នាក់ ខណៈពលរដ្ឋកម្ពុជាស្លាប់ម្នាក់ និងរបួស៥នាក់៕