(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទ នៅព្រឹកទី២៩.០៧.២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ!។
បានប្រកាសច្រានចោល ការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃ ដែលថាមានការប្រយុទ្ធគ្នា កើតឡើងក្រោយបទឈប់បាញ់។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អះអាងថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំរវាងភូមិភាគនៃប្រទេសទាំងពីរ ផងដែរ រួមមានយោធភូមិភាគទី៥ ទី៤ និងទី៣ ដើម្បីជួបពិភាក្សាគ្នា ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ។
កម្ពុជា បានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌ នៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានសម្រេចនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃម្សិលមិញ៕