លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ថា ជារឿងសំខាន់ណាស់ ដែលបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ចូលរួមក្នុងកិច្ចព្រមព្រៀង Abraham Accords។
ដែលមានគោលបំណង ធ្វើប្រក្រតីនីយកម្មទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ដោយលោកបានបញ្ជាក់ថា វានឹងធានាសន្តិភាពនៅក្នុងតំបន់។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែសីហា។
តាមបណ្ដាញសង្គមលោក ត្រាំ បានសរសេរថា ឥឡូវនេះ ឃ្លាំងអាវុធនុយក្លេអ៊ែរដែលអ៊ីរ៉ង់កំពុង បង្កើត ត្រូវបានបំផ្លាញទាំងស្រុង។
វាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ ដែលប្រទេសមជ្ឈិមបូព៌ាទាំងអស់ចូលរួមក្នុងកិច្ចព្រមព្រៀង Abraham Accords។
កិច្ចព្រមព្រៀង Abraham Accords ដែលត្រូវបានចុះហត្ថលេខា ក្នុងអំឡុងអាណត្តិដំបូងរបស់លោក ត្រាំ បានធ្វើឲ្យប្រទេសអារ៉ាប់ចំនួនបួន យល់ព្រមធ្វើប្រក្រតីនីយកម្មទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល បន្ទាប់ពីការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណា ការព្យាយាមពង្រីកកិច្ចព្រមព្រៀងនេះជួបភាពស្មុគស្មាញ ដោយសារចំនួនអ្នកស្លាប់ខ្ពស់ និងវិបត្តិអត់ឃ្លាននៅហ្គាហ្សា៕