នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ដែលមាននិវេសន្នដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម។
កម្មវិធីខាងលើនេះមានការសម្របសម្រួលពី ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ រួមនិងនាយទាហាន ក្រសួងការពារជាតិ និងកងទ័ពជើងគោកជាច្រើនរូបទៀត ដើម្បីធានាថាបេសកកម្មនេះ នឹងប្រព្រឹត្តទៅដោយរលូន។
សូមគូសបញ្ជាក់ផងដែរថា បេសកកម្ម និងសកម្មភាពនេះបានកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី៕