Breaking៖ អតីតស្រ្តីទី១របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន ពីបទពុករលួយ!

លោកស្រី Kim Keon Hee អតីតស្ត្រីទី១របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន ក្រោយតុលាការកាលពីថ្ងៃអង្គារទី១២ ខែសីហា ចេញដីកាចាប់ខ្លួនពី”បទពុករលួយ”។

ប្រភពពីសារព័ត៌មាន Reuters។

លោកស្រី Kim បានក្លាយជាអតីតស្រ្តីទី១តែម្នាក់គត់ របស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន ។
ខណៈស្វាមីរបស់លោកស្រី លោក Yoon Suk Yeol ក៏កំពុងជាប់ឃុំឃាំង ផងដែរ ។
ដោយរង់ចាំសវនាការកាត់ទោស បន្ទាប់ពីលោកត្រូវបានតុលាការធម្មនុញ្ញបណ្ដេញចេញពីតំណែង កាលពីខែមេសា ពីបទប៉ុនប៉ងប្រើប្រាស់ច្បាប់អាជ្ញាសឹក មិនបានសម្រេច កាលពីខែធ្នូ ឆ្នាំ២០២៤។

កាលពីថ្ងៃអង្គារ លោកស្រី Kim បានធ្វើដំណើរទៅដល់តុលាការ ដោយមិនបានឆ្លើយតប នឹងសំណួររបស់អ្នកសារព័ត៌មាន ឬក៏ធ្វើសេចក្ដីថ្លែងការណ៍ណាមួយនោះទេ។

ក្រោយសវនាការ សាកសួរបិទបញ្ចប់ លោកស្រី បានចាកចេញទៅរង់ចាំការសម្រេចរបស់តុលាការ នៅឯមន្ទីរឃុំឃាំងមួយក្នុងទីក្រុងសេអ៊ូល។
រដ្ឋអាជ្ញាពិសេស ដែលត្រូវបាន តែងតាំងកាលពីដើមខែមិថុនា បានឱ្យដឹងថាតុលាការបានចេញដីកាឃុំខ្លួនលោកស្រី តែមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ការចោទប្រកាន់ ដែលអាចឱ្យលោកស្រី Kim ប្រឈមជាប់ពន្ធនាគារច្រើនឆ្នាំ មានចាប់តាំងពីការក្រឡុកទីផ្សារភាគហ៊ុន រហូតដល់ស៊ីសំណូក និងប្រើប្រាស់ឥទ្ធិពលរបស់ ប្ដីដែលជាប្រធានាធិបតី ស្វែងរកផលចំណេញឱ្យមុខជំនួញរបស់ខ្លួន។
បទពុករលួយ លោកស្រី ត្រូវបានចោទប្រកាន់ថា បានទទួលសំណូកជាកាបូបដៃប្រណិត និងខ្សែកពេជ្រ ព្រមទាំងត្រូវបានគេរាយការណ៍ថាបានពាក់គ្រឿងអលង្ការដ៏ប្រណិតម៉ាក Van Cleef ដែលមានតម្លៃ៦០លានវ៉ុន ឬស្មើនឹង ៤៣ ០០០ដុល្លារ អំឡុងអមដំណើរប្ដីទៅចូលរួម កិច្ចប្រជុំកំពូលអង្គការ NATO កាលពីឆ្នាំ២០២២។

រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានស្នើឱ្យតុលាការចេញដីកាចាប់ខ្លួន លោកស្រី Kim ដោយសំអាងពីការព្រួយបារម្ភថា លោកស្រី អាចនឹងឆ្លៀតឱកាសបំផ្លាញភស្តុតាង៕

Leave a Reply

Your email address will not be published. Required fields are marked *