(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា កម្ពុជាជំរុញឱ្យភាគីថៃសហការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងមានប្រសិទ្ធភាព។
ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅម៉ោង៧ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាក៏សូមអំពាវនាវផងដែរថាឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ព្រមទាំងស្មារតីនិងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC)ដែលចែងថាភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីពីទីតាំងដែលខ្លួនឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២អាធ្រាតម៉ោងក្នុងតំបន់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ឡើយ ហើយភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់ទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។
សារជាថ្មីម្តងទៀត លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានអំពាវនាវឱ្យភាគីថៃប្រកាន់ខ្ជាប់នូវស្មារតីបទឈប់បាញ់ឈានទៅរកដំណោះស្រាយជម្លោះតាមគោលការណ៍ដែលភាគីទាំងពីររួមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាពេលខាងមុខ៕