(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជាពុំដែលបានដាក់មីនថ្មីទាល់តែសោះ នៅក្នុងឋានៈជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាតាំងពីឆ្នាំ១៩៩៩មក កម្ពុជាត្រូវបានទទួលស្គាល់ជាអន្ដរជាតិ សម្រាប់សមិទ្ធផលរបស់ខ្លួនក្នុងការបោសសម្អាតមីននៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស។ ការចោទប្រកាន់ពីការដាក់មីនថ្មី គឺពុំមានភស្ដុតាងដែលអាចទុកចិត្ដបានទាល់តែសោះ។ ការច្រានចោលនេះរបស់ឯកឧត្ដមអ្នកនាំពាក្យក្រសួងការបរទេស ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង៧:០០ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងថា គ្រោះថ្នាក់មីន បានកើតមានឡើងនៅតំបន់ដែលមានជម្លោះ ឬក៏នៅខាងក្នុងទឹកដីរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាអន្ដរជាតិដូចដែលបានកំណត់នៅក្នុងអនុសញ្ញាឆ្នាំ១៩០៤ ហើយនិងសន្ធិសញ្ញាឆ្នាំ១៩០៧ ហើយដែលបានបញ្ជាក់ដោយសាលក្រមរបស់តុលាការយុត្ដិធម៌អន្ដរជាតិឆ្នាំ១៩៦២ និងឆ្នាំ២០១៣, អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ក៏បានហាមឃាត់សកម្មភាពយោធាជាឯកតោភាគីនៅក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែន ក៏ប៉ុន្ដែភាគីថៃបានបំពានជាបន្ដបន្ទាប់ទៅលើកាតព្វកិច្ចរបស់ខ្លួន។
ឯកឧត្តម ជុំ សុន្ទរី សង្កត់ធ្ងន់ថា គ្រោះថ្នាក់ទាំងអស់នេះ បានកើតមានឡើងដោយសារកងទ័ពថៃបានចូលទៅក្នុងតំបន់ដែលមានគ្រាប់មីនដែលត្រូវបានដឹងយ៉ាងច្បាស់ ជាការរំលោភបំពានទៅលើកំណត់ហេតុរបស់កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (JBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានហាមឃាត់ចលនាទ័ពហួសពីទីតាំងបច្ចុប្បន្ន។ មីនដែលមានក្នុងទីតាំងទាំងនោះ គឺមានតាំងពីសម័យជម្លោះផ្ទៃក្នុងរបស់កម្ពុជាក្នុងឆ្នាំ១៩៧០ និងឆ្នាំ១៩៨០៕