នៅថ្ងៃសៅរ៍ ទី១៦ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ។ ប្រភពពីសារព័ត៌មាន AFP។
អ្នកនាំពាក្យម្នាក់របស់គណៈកម្មាការអឺរ៉ុប បានឱ្យដឹងថាលោក ត្រាំ បានពិភាក្សាតាមទូរស័ព្ទរយៈពេលជាង ១ម៉ោងជាមួយលោក ហ្សេលេនស្គី, នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer, ប្រធានាធិបតីបារាំង លោក Emmanuel Macron, អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz, ប្រមុខ NATO លោក Mark Rutte ព្រមទាំងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ ចំណែកខាងសេតវិមានវិញ តាមរយៈអ្នកនាំពាក្យលោកស្រី Karoline Leavitt ក៏បានទទួលស្គាល់ដែរថាលោក ត្រាំ បានពិភាក្សាតាមទូរស័ព្ទយ៉ាង វែងអន្លាយជាមួយលោក ហ្សេលេនស្គីនៅតាមផ្លូវធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕