Breaking៖ លោក ពូទីន និយាយថានៅពេលនេះទំនាក់ទំនងរុស្ស៊ី–ចិនបានឈានដល់កម្រិតខ្ពស់!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា ទំនាក់ទំនងរវាងរុស្ស៊ីនិងចិន បានឈានដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក ដោយសារការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធទាំងក្នុងផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ។
ប្រភពពីសារព័ត៌មានAANews។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន លោកពូទីន បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកើនឡើងជិត 100 ពាន់លានដុល្លារតាំងពីឆ្នាំ 2021 ហើយចិនក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់រុស្ស៊ី។ ផ្នែកធំនៃការទូទាត់ពាណិជ្ជកម្មកំពុងប្រើរូបិយប័ណ្ណជាតិ ជំនួសប្រាក់ដុល្លារ និងអឺរ៉ូ ដែលបានធ្លាក់ចុះដល់កម្រិតតូចបំផុត។

រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេង និងឧស្ម័នធំបំផុតរបស់ចិន។ លោកពូទីនបានបញ្ជាក់ថា បំពង់ឧស្ម័ន Power of Siberia បានផ្គត់ផ្គង់ឧស្ម័នលើស 100 ពាន់លានម៉ែត្រគូប ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ ឆ្នាំ 2019 ហើយផ្លូវបំពង់ឧស្ម័ន Far East គ្រោងនឹងបញ្ចប់នៅឆ្នាំ 2027។

នៅផ្នែកយុទ្ធសាស្ត្រ លោកពូទីនបានហៅកិច្ចសហប្រតិបត្តិការរុស្ស៊ី–ចិនថា ជា “កត្តាសំខាន់ក្នុងនយោបាយពិភពលោក”។ ទាំងពីរប្រទេសកំពុងសម្របសម្រួលការងាររួមនៅក្នុងអង្គការសហប្រជាជាតិ និងក្រុមមិត្ត ដើម្បីការពារធម្មនុញ្ញអ.ស.ប។ ពួកគេក៏គាំទ្រកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដើម្បីបន្ថែមតំណាងពីអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃរបស់លោកពូទីនទៅកាន់ប្រទេសចិន នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ តាមការអញ្ជើញរបស់ប្រធានាធិបតីស៊ី ជីនពីង។ ក្នុងឱកាសនេះ គាត់នឹងចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីន និងកម្មវិធីរំលឹកខួប ៨០ ឆ្នាំនៃជ័យជំនះលើជប៉ុននិយមជ្រុល និងសង្គ្រាមលោកលើកទី ២ នៅទីក្រុងប៉េកាំង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version