កាលពីថ្ងៃទី 29 សីហា 2025 មានឧប្បត្តិហេតុជម្លោះនៅលើរថភ្លើង Airport Rail Link ដែលទាក់ទងនឹងស្ត្រីមូស្លីមម្នាក់ ឈ្មោះ Madea អាយុ 30 ឆ្នាំ។ នាងបានប្រឈមមុខនឹងពាក្យប្រមាថ និងការរើសអើងពីបុរសម្នាក់ឈ្មោះ Chusak ដែលបាននិយាយប៉ះពាល់ដល់ឪពុកម្តាយ និងសាសនារបស់នាង។
ប្រភពពីសារព័ត៌មានKhaosod។
ឧបទ្ទវហេតុនេះត្រូវបានថតវីដេអូ ហើយចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម បង្កការចាប់អារម្មណ៍ និងការពិភាក្សាខ្លាំង។
នៅថ្ងៃទី 31 សីហា គេបានកំណត់កិច្ចសម្រុះសម្រួលនៅប៉ុស្តិ៍នគរបាល Huamak ប៉ុន្តែ Chusak មិនបានបង្ហាញខ្លួនទេ ទុកឱ្យជនរងគ្រោះរង់ចាំជាច្រើនម៉ោង។ ការចរចាត្រូវបានបញ្ចប់ ដោយសារគាត់មិនទាក់ទងមកវិញ។
Madea បានប្រាប់សារព៧ត៌មានKhaosodថា កាលនោះនាងកំពុងធ្វើដំណើរពីស្ថានីយ Makkasan ទៅស្ថានីយ Ramkhamhaeng។ ពេលឡើងរថភ្លើង នាងបានឃើញកៅអីទំនេរមួយដែលមានកាបូបដាក់ជិត។ នៅពេលនាងអង្គុយ មនុស្សម្នាក់បានត្រាស់ជេរនាង ដោយប្រើពាក្យរើសអើងសាសនា។ គាត់រកលើកស្បែកជើងដូចចង់វាយ។
នាងមានអារម្មណ៍ភ័យ ហើយនាងគ្រាន់តែអធិស្ឋានថា ព្រះជាម្ចាស់ជួយនាង។នាងសុំទោសភ្លាមៗ ប៉ុន្តែគាត់នៅតែជេរមិនឈប់។
នៅស្ថានីយ Ramkhamhaeng Madea បានអញ្ជើញឱ្យបុរសនោះចុះទៅនិយាយជាមួយបុគ្គលិក ប៉ុន្តែគាត់បដិសេធ។ គាត់បានឆ្លើយតែថា “ទៅដាក់ពាក្យបណ្ដឹងទៅ ខ្ញុំមិនខ្លាចទេ”។
ក្រោយមក នាងបានសម្រេចទុករឿងនោះចោល ប៉ុន្តែពេលវីដេអូឃ្លីបនៃឧបទ្ទវហេតុត្រូវបានចែកចាយលើបណ្តាញសង្គម វាបានបណ្តាលឱ្យមានសម្ពាធសាធារណៈ។ មជ្ឈមណ្ឌលសម្រុះសម្រួលនៃប៉ុស្តិ៍នគរបាល ផ្សារដើមថ្កូវ បានទាក់ទងដើម្បីចរចាផ្សះផ្សា។ ទោះជាយ៉ាងណា Madea ទទូចថា នាងមិនអាចទទួលការប្រមាថដល់ឪពុកម្តាយ និងសាសនារបស់នាងបានទេ ហើយចង់ឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់៕