នៅថ្ងៃទី1 ខែកញ្ញា ឆ្នាំ2025 លោក Rueangkrai Leekitwattana អតីតសមាជិកព្រឹទ្ធសភា បានបង្ហើបថា លោកបានដាក់ញត្តិមួយច្បាប់ទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដោយស្នើឱ្យប្រើសាលក្រមរបស់តុលាការធម្មនុញ្ញ កាលពីថ្ងៃទី 29 ខែសីហា ដែលបានដកសិទ្ធិលោកស្រី Paetongtarn Shinawatra ចេញពីតំណែងនាយករដ្ឋមន្ត្រី។
ប្រភពពីសារព័ត៌មានKhaosod។
លោក Rueangkrai អះអាងថា សាលក្រមនោះមានចំណុចពាក់ព័ន្ធនឹងតួនាទីរបស់លោកស្រី Paetongtarn ជាមេដឹកនាំគណបក្សភឿថៃ ដែលអាចជាការរំលោភច្បាប់រៀបចំគណបក្សនយោបាយ (ឆ្នាំ 2017) វគ្គ 92 (2) ពាក់ព័ន្ធនឹងអរិភាពចំពោះប្រព័ន្ធប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាព្រះប្រមុខ។
គាត់ថ្លែងថា ឯកសារសាលក្រមអាចក្លាយជាភស្តុតាងឱ្យ EC ដឹកសំណុំរឿងទៅតុលាការធម្មនុញ្ញ ដើម្បីពិចារណាបន្តថា គណបក្សភឿថៃគួរត្រូវបានរំលាយឬទេ។ ទោះជាយ៉ាងណា តុលាការមិនអាចបញ្ជាឱ្យរំលាយគណបក្សដោយផ្ទាល់បានឡើយ ប្រសិនបើញត្តិមិនមកពី EC ដែលជាស្ថាប័នមានសមត្ថកិច្ចត្រឹមត្រូវ។
គាត់បានបន្ថែមថា មិនបានបង្ហាញញត្តិឲ្យសារព័ត៌មានព្រោះសាលក្រមដើមមិនទាន់ចេញ។ ទោះបីជាយ៉ាងណា គាត់បានភ្ជាប់នូវការសង្ខេបពីការផ្សាយព័ត៌មានរបស់សារព័ត៌មានទាក់ទងនឹងសាលក្រម និងចម្លងមួយផ្នែកនៃសាលក្រមករណីរំលាយគណបក្ស Thai Raksa Chart មកជាមួយ ដើម្បីផ្ញើទៅឲ្យ EC ប្រើប្រាស់ជាឯកសារយោង៕