(ភ្នំពេញ)៖ នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានរៀបចំសន្និសីទសារព័ត៌មាន ។
ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ រួមមាន
(១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
សន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ។
សន្និសីទសារព័ត៌មាននេះ មានការចូលរួមយកព័ត៌មានពីអ្នកសារព័ត៌មានចំនួន ៥១រូប ដែលមកពីអង្គភាពសារព័ត៌មានចំនួន ២៩អង្គភាព។
សូមបញ្ជាក់ថា យុទ្ធនាការទាំង២ ខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ។
ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ” ដែលកិច្ចការនេះត្រូវបានចាត់ទុកជាអាទិភាពនយោបាយដ៏សំខាន់មួយ ដែលត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ។
ក្នុងនោះ យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស ហើយ យុទ្ធនាការទី២ នឹងជួយដោះស្រាយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ៕