ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2025 សំឡេងផ្ទុះខ្លាំងៗបានរំញោចទីក្រុងដូហា បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសសំដៅលើមេដឹកនាំក្រុមហាម៉ាស់នៅកាតា កាលពីថ្ងៃអង្គារ ដោយពង្រីកសង្រ្គាមចេញក្រៅតំបន់ហ្គាហ្សាដល់រដ្ឋឈូងសមុទ្រ។
ប្រភពពីសារព័ត៌មាន Reuters។
មន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា ការវាយប្រហារនេះមានគោលដៅទៅលើមេដឹកនាំកំពូលរបស់ហាម៉ាស់រួមទាំងលោក Khalil al-Hayya ដែលជាប្រធានហាម៉ាស់និរទេស និងជាអ្នកចរចាអំពីបទឈប់បាញ់។ ទោះយ៉ាងណា ប្រភពក្នុងក្រុមហាម៉ាសបានប្រាប់ថា មន្ត្រីសំខាន់ៗរួចផុតជីវិតក្រោយទទួលការជម្លៀសឆាប់រហ័សពីទីក្រុងហ្គាហ្សា។
រដ្ឋាភិបាលកាតា ដែលជាអ្នកសម្រុះសម្រួលសំខាន់ក្នុងការចរចាបទឈប់បាញ់ជាមួយអេហ្ស៊ីប បានថ្កោលទោសការវាយប្រហារថាជាកំសាក និងរំលោភច្បាប់អន្តរជាតិ។ ដំណឹងនេះក៏ជះឥទ្ធិពលដល់កិច្ចពិភាក្សាសន្តិភាព ដែលកំពុងដំណើរការនៅក្នុងប្រទេសឈូងសមុទ្រនេះ។
ការវាយប្រហារនេះកើតឡើង បន្ទាប់ពីកង al-Qassam របស់ហាម៉ាសបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារដែលសម្លាប់មនុស្ស 6 នាក់នៅចំណតរថយន្តក្រុងមួយជាយក្រុងហ្សេរុយសាឡឹម។ ការប្រយុទ្ធឈាមឆ្កាងនេះបង្កការព្រួយបារម្ភថា ប្រសិនបើស្ថានភាពបន្តតានតឹង នឹងរារាំងឬបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់។
ប្រទេសជិតខាងបានឆ្លើយតបយ៉ាងខ្លាំង៖អេមីរ៉ាត់អារ៉ាប់រួម (UAE) បានហៅការវាយប្រហារនេះថាខ្មាស់អៀន និងកំសាក។ អារ៉ាប៊ីសាអូឌីត បានគាំទ្រកាតា ដោយបរិហារអំពើដែលខ្លួន ហៅថាការឈ្លានពានយ៉ាងព្រៃផ្សៃរបស់អ៊ីស្រាអែល។
នៅពេលដដែល អ៊ីស្រាអែលក៏បានចេញបញ្ជាជម្លៀសប្រជាជនចេញពីតំបន់ហ្គាហ្សា ដោយអះអាងថា កងទ័ពកំពុងរៀបចំការវាយលុកដើម្បី “បំផ្លាញសមត្ថភាពយោធា និងក្រុមហាម៉ាសទាំងស្រុង”។
ស្ថានភាពតានតឹងនេះ បង្កឲ្យមានការភ័យខ្លាចចំពោះការចាប់ផ្តើមជាផ្លូវការនៃជំហានថ្មីនៃសង្គ្រាម ដែលអាចនាំឲ្យមានការចូលរួមកាន់តែច្រើនពីប្រទេសក្នុងតំបន់៕