នៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2025 រដ្ឋាភិបាលប៉ូឡូញ បានបញ្ជាក់ថា ដ្រូនរបស់រុស្ស៊ីជាច្រើន បានរំលោភចូលមកក្នុងដែនអាកាសប៉ូឡូញ និងត្រូវបានបាញ់ទម្លាក់ភ្លាមៗ ដោយមានជំនួយពីកងកម្លាំងអាកាសនិងដែនអាកាសនៃអង្គការណាតូ។
ប្រភពពីសារព័ត៌មានAP។
ការកើតហេតុនេះ ត្រូវបានហៅថា ជាសកម្មភាពឈ្លានពានរបស់រុស្ស៊ី ដែលកើតឡើងកណ្តាលពេលវាយប្រហារតាមអាកាសយ៉ាងធំលើប្រទេសអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានរៀបចំកិច្ចប្រជុំវិសាមញ្ញជាមួយមន្ត្រីយោធា និងសេវាសង្គ្រោះបន្ទាន់ នៅទីក្រុងវ៉ារសូវ បន្ទាប់ពីមានការរំលោភដែនអាកាស។
លោកបានសរសេរតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា “យន្តហោះគ្មានមនុស្សបើកដែលបង្កការគំរាមកំហែងដោយផ្ទាល់ ទាំងនោះ ត្រូវបានបាញ់ទម្លាក់ដោយជោគជ័យ។
រដ្ឋមន្ត្រីការពារជាតិ លោក Władysław Kosiniak-Kamysz បញ្ជាក់ថា មានវត្ថុជាង 10 ឆ្លងចូលលំហអាកាសប៉ូឡូញ ប៉ុន្តែមិនបានបញ្ជាក់ចំនួនពិតប្រាកដ។
លោកបានថ្លែងអំណរគុណដល់កងកម្លាំងអាកាសនៃណាតូ និងប្រទេសហូឡង់ ដែលបានគាំទ្រដោយយន្តហោះចម្បាំង F-35។
មេដឹកនាំអឺរ៉ុបជាច្រើន បានបង្ហាញការព្រួយបារម្ភថា រុស្ស៊ីមានចេតនាកែលើកកម្រិតសង្គ្រាម។
លោក Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បាននិយាយថា “ការរំលោភដែនអាកាសប៉ូឡូញនេះ គឺជាការបំពានធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ហើយបង្ហាញច្បាស់ថាវាជាចេតនាមិនមែនដោយចៃដន្យទេ”។
អំពើប៉ះទង្គិចនេះកើតឡើង បីថ្ងៃបន្ទាប់ពីរុស្ស៊ីប្រើប្រាស់ការវាយប្រហារតាមអាកាសដ៏ធំបំផុតលើអ៊ុយក្រែន ដែលមានគោលដៅរួមទាំងអគាររដ្ឋាភិបាលសំខាន់មួយនៅទីក្រុង Kyiv៕