ប្រទេសអារ៉ាប់រួម កាលពីថ្ងៃសុក្រទី១២ខែកញ្ញា បានកោះហៅឯកអគ្គរដ្ឋទូតរងរបស់អ៊ីស្រាអែល លោក David Ahad Horsandi ឱ្យធ្វើការតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសកាតា។
ប្រភពពីសារព័ត៌មានAnadolu Agency។
លោក Reem bint Ibrahim Al Hashimy រដ្ឋមន្ត្រីរដ្ឋទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិបានបង្ហាញពីការថ្កោលទោស និងការបរិហារយ៉ាងខ្លាំងក្លារបស់ Abu Dhabi ចំពោះការវាយលុក និងឈ្លានពានរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយសង្កត់ធ្ងន់ថា សន្តិសុខរបស់ប្រទេសកាតាគឺរួមបញ្ចូលជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
មុននេះ ទូរទស្សន៍អ៊ីស្រាអែល KAN បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅ UAE ត្រូវបានកោះហៅធ្វើការថ្កោលទោស បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើមន្ត្រីក្រុមហាម៉ាស់នៅក្នុងប្រទេសកាតា កាលពីដើមសប្តាហ៍នេះ។
យន្តហោះចម្បាំងរបស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ បានបើកការវាយប្រហារតាមអាកាសមួយ សំដៅលើការដឹកនាំរបស់ក្រុមហាម៉ាស នៅក្នុងរដ្ឋធានីកាតា ដោយបានសម្លាប់សមាជិកក្រុមហាម៉ាស់ ៥នាក់ និងមន្ត្រីសន្តិសុខកាតាម្នាក់៕