Breaking៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ!

(សៀមរាប)៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ – លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានរដ្ឋសភា។

ពិធីបួងសួងនេះ ត្រូវបានប្រារព្ធនៅ ទីសក្ការៈព្រះអង្គចេកព្រះអង្គចម, តំបន់អភិរក្សអង្គរ និង ប្រាសាទអង្គរតូច។ គោលបំណងគឺដើម្បីបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីព្រះអង្គចេក–ព្រះអង្គចម និងព្រះអង្គទាំងឡាយនៅក្នុងតំបន់អភិរក្សអង្គរ ព្រមទាំងដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ មហាបុព្វបុរសដូនតាខ្មែរ និងវីរកងទ័ពទាំងអស់។

ក្នុងពិធីបួងសួងនេះ ត្រូវបានសូមអង្វរ ឲ្យព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព សុខសាន្ត ត្រាណ និងការរីកចម្រើនជាលំដាប់ ព្រមទាំងឲ្យប្រជាពលរដ្ឋទាំងអស់ រស់នៅប្រកបដោយសុខសុវត្ថិភាព សុខភាពល្អ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ។

ឆ្លៀតក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ដែលថ្ងៃទី១៥ ខែកញ្ញា នេះជាថ្ងៃបិណ្ឌទី៨ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានគោរពជូនពរដល់បងប្អូនជនរួមជាតិខ្មែរ ឲ្យធ្វើដំណើរទៅតាមគោលដៅនានាប្រកបដោយសុវត្ថិភាព និងត្រឡប់មកវិញដោយសុភមង្គល និងស្នាមញញឹម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version