នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ អ្នកស្រាវជ្រាវ និងអ្នកជំនាញវិទ្យាសាស្ត្របានព្រមានថា សហរដ្ឋអាមេរិកអាចប្រថុយនឹងបាត់បង់តួនាទីឈានមុខក្នុងវិស័យវិទ្យាសាស្ត្រ និងការច្នៃប្រឌិត ដោយសារគោលនយោបាយកាត់បន្ថយថវិកា និងការរឹតត្បិតលើនិស្សិតបរទេសរបស់ប្រធានាធិបតី Donald Trump។
ប្រភពពីសារព័ត៌មាន CNA។
ការកាត់ថវិកាចំនួន 2.6 ពាន់លានដុល្លារដែលប៉ះពាល់ដល់ស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យ ដោយរដ្ឋបាល Trump បានជំរុញឱ្យមានការតវ៉ាខ្លាំង។ នៅខែកក្កដា ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំខាងក្រៅតុលាការសហព័ន្ធ Moakley ក្នុងទីក្រុង Boston ដើម្បីគាំទ្រដល់សាកលវិទ្យាល័យ Harvard ដែលជំទាស់នឹងការកាត់ថវិកានេះ។
ប្រវត្តិវិទូវិទ្យាសាស្ត្រ Robert N. Proctor ពីសាកលវិទ្យាល័យ Stanford បានអះអាងថា លោក Trump កំពុង “ចាប់ផ្តើមសង្រ្គាមលើវិទ្យាសាស្ត្រ”។ គាត់ព្រមានថា សហរដ្ឋអាមេរិកអាចចូលទៅក្នុង “រយៈពេលងងឹត” ដែលអ្នកវិទ្យាសាស្ត្របាត់បង់ការងារ និងប្រទេសផ្សេងៗទទួលបានអត្ថប្រយោជន៍។
ការស្ទង់មតិរបស់ទស្សនាវដ្តី Nature បង្ហាញថា ៣/៤ នៃអ្នកវិទ្យាសាស្ត្រអាមេរិកកំពុងពិចារណាចាកចេញ ដោយអឺរ៉ុប និងកាណាដាគឺជាជម្រើសកំពូល។ អ្នកសិក្សាជាច្រើនបានចាកចេញរួចហើយ។
Emily McGrath មន្ត្រីជាន់ខ្ពស់នៃ The Century Foundation បាននិយាយថា អ្នកច្នៃប្រឌិតកំពុងផ្លាស់ទីទៅប្រទេសដែលមានសេរីភាពសិក្សា ការផ្តល់មូលនិធិស្រាវជ្រាវខ្ពស់ និងការការពារបានច្បាស់សម្រាប់និស្សិតអន្តរជាតិ។ នាងថ្លែងថាការសិក្សាសេរីនៅសាកលវិទ្យាល័យគឺជាគន្លងសំខាន់។ ប្រសិនបើអ្នកស្រាវជ្រាវមានជម្រើស ពួកគេអាចនឹងជ្រើសចាកចេញ”។
ក្រុមសិទ្ធិស៊ីវិលបានលើកឱ្យឃើញថា គោលនយោបាយរបស់ Trump ជំរុញឱ្យមានការភ័យខ្លាចពិសេសចំពោះនិស្សិតចិន។ ទោះបីជាលោក Trump បាននិយាយថា គាត់ “ចូលចិត្តឲ្យសិស្សបរទេសមកសិក្សានៅអាមេរិក” ក៏ដោយ ក៏ការរឹតត្បិតទាំងនេះបានធ្វើឱ្យមានការមិនស្រួលចិត្តយ៉ាងខ្លាំង។
សេតវិមានបានបញ្ជាក់ថា ទិដ្ឋាការសិស្សចិនប្រមាណ 600,000 នឹងត្រូវចេញក្នុងរយៈពេលពីរឆ្នាំ ដូចជាការចេញកាលពីមុន ប៉ុន្តែការចោទប្រកាន់ និងវិបត្តិផ្លូវច្បាប់នៅតែបន្ត។បើទោះបីជាតុលាការបានបញ្ជាឲ្យស្ដារឡើងវិញនូវមូលនិធិស្រាវជ្រាវជាង 2 ពាន់លានដុល្លារដល់សាកលវិទ្យាល័យ Harvard ក៏ដោយ រដ្ឋបាល Trump បានប្រកាសថា នឹងបន្តប្តឹងឧទ្ធរណ៍៕