Breaking៖ ក្រសួងការបរទេសកម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបង្កហេតុរបស់កងកម្លាំងប្រដាប់អាវុធថៃ!

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះផ្សាយបានឱ្យដឹងថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃើ្លន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះបានឱ្យដឹងថា យោងតាមរបាយការណ៍ដែលអាចទុកចិត្តបាន ទាហានថៃដែលប្រដាប់ដោយខែលការពារដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រព្រមទាំងប្រើឧបករណ៍បំពងសម្លេងហ្វ្រកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់។ សកម្មភាពទាំងនេះ បានបណ្តាលឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់រួមទាំងព្រះសង្ឃផងដែរ នៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រជាពលរដ្ឋកម្ពុជាដែលកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួនដោយសន្តិវិធី។ សកម្មភាពបំភិតបំភ័យដែលពុំអាចទទួលយកបាននេះ រួមជាមួយនឹងការភ្ជង់ដោយអាវុធពិតទៅលើជនស៊ីវិលគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាទៅលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌។

ជនស៊ីវិលកម្ពុជា ដែលគ្មានអាវុធ និងកំពុងរស់នៅដោយសន្តិភាពលើទឹកដីដូនតារបស់ខ្លួនមិនត្រូវទទួលរងនូវការគំរាមកំហែង ការរំខាន ឬអំពើហិង្សាដូច្នេះឡើយ។ ការបង្កហេតុជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មិនត្រឹមតែប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយនៅតាមបណ្តោយព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងពីរក្នុងការដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី និងយន្តការចរចានានា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទទូចឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពបែបនេះ អនុវត្តការអត់ធ្មត់ជាទីបំផុត និងធានាថា ទាហានរបស់ខ្លួនគោរពយ៉ាងពេញលេញនូវអធិបតេយ្យ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ កម្ពុជាសូមអំពាវនាវបន្ថែមទៀតដល់សហគមន៍អន្តរជាតិ ជាពិសេសអាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាសំដៅទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *