(ភ្នំពេញ)៖ បុរសម្នាក់ឡើងបង្គោលអង់តែន ទូរស័ព្ទចល័ត កម្ពស់ប្រមាណ១៧ម៉ែត្រ បានរបូតខ្សែសុវត្ថិភាព ធ្លាក់ដល់ដីរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ ដឹកទៅមន្ទីរពេទ្យភ្លាមៗ..!។
ហេតុការណ៍នេះបានកើតឡើងនៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១១ ខែមករា។
សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ផូ សៀងហួត អាយុ២៧ឆ្នាំ ជាកម្មករម៉ៅការ ឡើងបង្គោលអង់តែន ស្នាក់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
នៅមុនកើតហេតុ ជនរងគ្រោះនិងមនុស្សម្នាក់ទៀត ក្រោយពីម៉ៅការដំឡើងបង្គោលអង់តែន ឱ្យក្រុមហ៊ុនស្មាតនោះមក ជនរងគ្រោះបានឡើងលើបង្គោល ដើម្បីចាប់ខ្សែកាបអូមនី សម្រាប់ទូរស័ព្ទចល័ត។
ពេលកំពុងចាប់ខ្សែស្រាប់តែរបូត ខ្សែក្រវាត់សុវត្ថិភាពក៏ធ្លាក់ពីលើដល់ដីកម្ពស់១៧ម៉ែត្រ បណ្តាលឱ្យបាក់ចង្កេះ បាក់ជើង និងរយះបំពង់កសងខាង។ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានគេជួយហៅរថយន្តសង្គ្រោះនៃអង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដើម្បីសង្គ្រោះបន្ទាន់៕