សម្តេចតេជោ អនុញ្ញាតឱ្យអគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ក្នុងជំនួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនោះ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះមេបញ្ជាការកងទ័ព និងគណៈប្រតិភូរបស់ព្រុយណេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកវត្តមានមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ជាពិសេសនៅក្នុងវិស័យយោធាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ទោមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេបានសម្ដែងនូវក្តីអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនាពេលនេះ។ឯកឧត្តមក៏បានឆ្លៀតនាំយកនូវសារផ្ដាំផ្ញើសួរសុខទុក្ខពីព្រះចៅស៊ុលតង់ នៃព្រុយណេជូនចំពោះសម្ដេចតេជោផងដែរ ដែលលោកទាំងពីរជាបងប្អូនធម៌នឹងគ្នា ។ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោថា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា វាជាឱកាសមួយក្នុងការធ្វើកិច្ចការជាច្រើនដើម្បីញ៉ាំងឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើង និងអរព្រះគុណចំពោះព្រះចៅស៊ុលតង់ព្រុយណេដែលបានផ្ដាំផ្ញើសួរសុខទុក្ខចំពោះសម្ដេច ហើយសម្ដេចក៏បានផ្ដាំផ្ញើសួរសុខទុក្ខត្រឡប់ទៅវិញផងដែរចំពោះព្រះចៅស៊ុលតង់ព្រុយណេ ដែលក្នុងឋានៈជាបងប្អូនធម៌នឹងគ្នា។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានលើកឡើងដោយពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ
នាពេលបច្ចុប្បន្ននេះ ហើយសម្ដេចក៏ចង់ឃើញការពង្រីកនូវសក្តានុពលក្នុងវិស័យយោធារវាងប្រទេសទាំងពីរ បង្កើនថែមទៀតរវាងវិស័យយោធាកម្ពុជា និងព្រុយណេ។ សម្ដេចតេជោក៏បានបញ្ជាក់ទៅកាន់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃផងដែរ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវ នៃបញ្ហាមួយនេះ ហើយសម្ដេចសង្ឃឹមថា ព្រុយណេនឹងបន្តតាមដានក្នុងប្រទេស និងតំបន់ ក្នុងឋានៈជាសមាជិកអាស៊ាន និងខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យភាគីទាំងពីរគឺរក្សានូវភាពអត់ធ្មត់ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី។
សម្ដេចតេជោក៏អរគុណចំពោះតួនាទីរបស់ព្រុយណេក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការក្នុងការទៅលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ដែលបានកំពុងកើតមានឡើង។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន រំពឹងថា ទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ នឹងកាន់តែរីកចម្រើន ហើយក៏បានជូនពរឱ្យឯកឧត្តមមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេទទួលបានជោគជ័យនៅក្នុងពេលបំពេញបេសកកម្ម និងទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *