Breaking៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន សរសើរលោកTrump ចំពោះតួនាទីសន្តិភាព!

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានសរសើរប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្រាប់តួនាទីដ៏សំខាន់របស់គាត់ក្នុងការជួយធានាបទឈប់បាញ់ជាមួយឥណ្ឌា ដែលបានបញ្ចៀសមហន្តរាយធំនៅអាស៊ីខាងត្បូង។
ប្រភពពីសារព័ត៌មានAnadolu នៅថ្ងៃទី២៦ខែកញ្ញា។

ការិយាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានប្រកាសកាលពីថ្ងៃសុក្រថា លោក Sharif និងអគ្គមេបញ្ជាការកងទ័ព លោក Field Marshal Syed Asim Munir បានជួបជាមួយលោក Trump កាលពីថ្ងៃព្រហស្បតិ៍នៅសេតវិមាន ក្នុងកិច្ចប្រជុំដែលត្រូវបានពិពណ៌នាថា “កក់ក្តៅ និងស្និទ្ធស្នាល”។

ក្នុងកិច្ចជួបនេះ លោក Sharif បានចាត់ទុកលោក Trump ជា “បុរសសន្តិភាព” ដោយសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការបញ្ចប់ជម្លោះជុំវិញពិភពលោក។ ជាពិសេស លោក Sharif បានបញ្ជាក់ពីកិច្ចខិតខំរបស់ Trump ក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា រួមទាំងសង្គ្រាមហ្គាហ្សា។

លើកលែងពីបញ្ហាសន្តិភាព លោក Sharif ក៏បានថ្លែងអំណរគុណចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពន្ធគយថ្មីរវាងប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ដោយប្រាថ្នាថាការទំនាក់ទំនងយូរអង្វែងរវាងទាំងពីរប្រទេសនឹងកាន់តែរឹងមាំ។

អនុប្រធានាធិបតី J.D. Vance និង រដ្ឋលេខាធិការ Marco Rubio ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ។ មុនពេលចូលជួបផ្លូវការ លោក Trump បានហៅ Sharif និង Munir ថាជា “មេដឹកនាំដ៏អស្ចារ្យ” និងពិពណ៌នាមេទ័ពប៉ាគីស្ថានថាជា “មនុស្សអស្ចារ្យ”។

ក្រៅពីសន្តិភាព នាយករដ្ឋមន្ត្រី Sharif ក៏បានអញ្ជើញក្រុមហ៊ុនអាមេរិកឱ្យវិនិយោគក្នុងវិស័យកសិកម្ម បច្ចេកវិទ្យា រ៉ែ និងថាមពល។ កិច្ចសហប្រតិបត្តិការសន្តិសុខ និងការប្រឆាំងភេរវកម្មក៏បានរំលឹកថា គឺជាបញ្ហាសំខាន់ក្នុងរបៀបវារៈផងដែរ។

ចុងក្រោយ លោក Sharif បានអញ្ជើញប្រធានាធិបតី Trump ឱ្យធ្វើទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសប៉ាគីស្ថាន នៅពេលដែលមានភាពងាយស្រួល៕

Leave a Reply

Your email address will not be published. Required fields are marked *