រដ្ឋប៉ាឡេស្ទីន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទទី២៩ខែកញ្ញា ដោយស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ដោយបញ្ជាក់ពីការត្រៀមខ្លួនធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន និងភាគីពាក់ព័ន្ធក្នុងតំបន់ ដើម្បីសម្រេចសន្តិភាព។
ប្រភពពីសារព័ត៌មានAnadolu។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពេលលោក Trump ប្រកាសផែនការ ២០ ចំណុច ក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។ ផែនការនេះ រួមមានការដោះលែងអ្នកជាប់ឧបាយកលជនជាតិអ៊ីស្រាអែល ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ការរំសាយអាវុធនៃក្រុមហាម៉ាស និងការបង្កើតគណៈកម្មាធិការប៉ាឡេស្ទីនលើផ្នែកបច្ចេកទេសនិងនយោបាយ ដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សា។
ទីភ្នាក់ងារព័ត៌មាន Wafa បានដកស្រង់សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីប៉ាឡេស្ទីនថា៖ “រដ្ឋប៉ាឡេស្ទីនស្វាគមន៍ការប្តេជ្ញាចិត្តដោយស្មោះរបស់ ប្រធានាធិបតី Donald J. Trump ក្នុងការបញ្ចប់សង្គ្រា មហ្គាហ្សា និងមានទំនុកចិត្តលើសមត្ថភាពរបស់គាត់ក្នុង ការស្វែងរកផ្លូវឆ្ពោះទៅសន្តិភាព។”
ប៉ាឡេស្ទីនបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងទូលំទូលាយត្រូវ បានទាមទារ ដើម្បីធានាឱ្យមានការផ្តល់ជំនួយមនុស្សធម៌ដល់ ប្រជាជនហ្គាហ្សា ការដោះលែងជនជាប់ឧបាយកល និង អ្នកទោស ការបង្កើតយន្តការការពារប្រជាជន និងការដក កងទ័ពអ៊ីស្រាអែលចេញពីតំបន់។
សេចក្តីថ្លែងការណ៍បានបន្តថា កិច្ចព្រមព្រៀងនឹងជួយ “បង្រួបបង្រួមទឹកដី និងស្ថាប័នរបស់ប៉ាឡេស្ទីន នៅតំបន់ ហ្គាហ្សា និងភាគខាងលិច ទាំងក្រុងយេរូសាឡឹមខាងកើត បញ្ចប់ការកាន់កាប់ និងបើកផ្លូវឆ្ពោះទៅរកសន្តិភាពតាម ដំណោះស្រាយរដ្ឋពីរ។”
តាមរបាយការណ៍ ប៉ុន្មានឆ្នាំចុងក្រោយ កងទ័ពអ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៦៦,០០០ នាក់ ដែល ភាគច្រើនជាស្ត្រី និងកុមារ ក្នុងការវាយប្រហារតាំងពីខែតុលាឆ្នាំ 2023៕