នៅថ្ងៃទី៦ខែតុលា ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល បានកើនដល់ ៦៧,១៦០ នាក់ ក្នុងពេលដែលស្ថានការណ៍មនុស្សធម៌នៅតែធ្ងន់ធ្ងរ និងមន្ទីរពេទ្យជាច្រើនកំពុងប្រឈមនឹងការដួលរលំ។
ប្រភពពីសារព័ត៌មានRoyaNews។
ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មាន២១នាក់ស្លាប់ និង ៩៦ នាក់រងរបួស។ ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក ខណៈដែលក្រុមជួយសង្គ្រោះ និងគ្រូពេទ្យកំពុងប្រឹងសង្គ្រោះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកស្លាប់មួយចំនួនត្រូវបានវាយប្រហារខណៈពេលកំពុងរង់ចាំជំនួយ បង្កឲ្យមានជនរងរបួសបន្ថែមទៀតចំនួន ១៩ នាក់។ មន្ទីរពេទ្យនានាកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ ឈាម និងឱសថបឋម ដោយសារការបិទព្រំដែននិងការហាមនាំចូលជំនួយ។
ស្ថានភាពបច្ចុប្បន្នកើតឡើងក្នុងពេលដែលកិច្ចចរចាសន្តិភាពនិងបទឈប់បាញ់ត្រូវបានគ្រោងឲ្យចាប់ផ្តើមនៅក្នុងប្រទេសអេហ្ស៊ីប។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជំរុញឲ្យអ៊ីស្រាអែលពិចារណាបញ្ឈប់ការវាយប្រហារជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវឱ្យជំនួយមនុស្សធម៌ចូលដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ៕