សិស្សនិទ្ទេស“A“ចំនួន១៥៤នាក់ នៅខេត្តព្រៃវែង ក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿង ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ!

(ព្រៃវែង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់ម៉ូតូដល់សិស្សនិទ្ទេសA ក្នុងខេត្តព្រៃវែងចំនួន១៥៤នាក់ក្នុងម្នាក់ៗទទួលបានម៉ូតូចំនួន១គ្រឿង។
ពិធីប្រគល់ម៉ូតូនេះ បានធ្វើឡើងនៅសាលាខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ នាយកសាលា ព្រមទាំងសិស្សានុសិស្សជាច្រើនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានមានប្រសាសន៍ថា សិស្សានុសិស្សជ័យលាភី ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ នៅទូទាំងខេត្តព្រៃវែង មានចំនួនសរុប ៧.៨៩៩នាក់ ស្មើនឹង ៨៦.៦១% ក្នុងនោះ សិស្សទទួលបាននិទ្ទេស A មានចំនួន ១៥៤នាក់ សិស្សទទួលបាននិទ្ទេស B ចំនួន ៦៧៦នាក់ សិស្សនិទ្ទេស C ចំនួន ១.៨៦៨នាក់ សិស្សនិទ្ទេស D ចំនួន ២.៩១២ នាក់ និងសិស្សនិទ្ទេស E មានចំនួន ២.៣៣៣នាក់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់ការលើកទឹកចិត្តដល់សិស្សានុសិស្សជាប់និទ្ទេស A ចំនួន ១៥៤នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ ចំនួន១គ្រឿង និងថវិកាមួយចំនួន ព្រមទាំងផ្ដល់ជូនថវិកាជូននាយកសាលា និងលោកគ្រូ អ្នកគ្រូបង្រៀនស្ម័គ្រចិត្តថ្នាក់ទី១២ (គ្រូបំប៉ន) ទាំង ២៣១នាក់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *