Breaking៖ អ៊ីស្រាអែល និយាយថាបទឈប់បាញ់និងជំនួយនឹងបន្តឡើងវិញនៅតំបន់ហ្គាហ្សា!

អ៊ីស្រាអែល បានប្រកាសថាបទឈប់បាញ់ជាមួយក្រុមហាម៉ាសនឹងបន្តឡើងវិញ និងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សានឹងត្រូវបើកដំណើរការឡើងវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន២៦នាក់។
ប្រភពពីសារព័ត៌មានCNA នៅថ្ងៃទី២០ តុលា។

យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសដែលបានសម្លាប់ទាហានអ៊ីស្រាអែលពីរនាក់។ ការវាយប្រហារនៅថ្ងៃសៅរ៍នេះត្រូវបានចាត់ទុកថាជាការសាកល្បងដ៏ធ្ងន់ធ្ងរបំផុតចំពោះបទឈប់បាញ់ដែលសហរដ្ឋអាមេរិកបានជួយលើកស្ទួយក្នុងខែនេះ។

ប្រភពសន្តិសុខអ៊ីស្រាអែលបានបញ្ជាក់ថា ការផ្គត់ផ្គង់ជំនួយទៅក្នុងតំបន់ហ្គាហ្សានឹងបន្តឡើងវិញនៅថ្ងៃចន្ទ បន្ទាប់ពីសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។ មុននេះអ៊ីស្រាអែលបានផ្អាកការផ្គត់ផ្គង់ជំនួយជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ជាការរំលោភបទឈប់បាញ់ដោយក្រុមហាម៉ាស។

យោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួនបានវាយប្រហារគោលដៅជាច្រើនរបស់ក្រុមហាម៉ាស រួមទាំងមេបញ្ជាការវាល ខ្មាន់កាំភ្លើង ផ្លូវរូងក្រោមដី និងឃ្លាំងអាវុធ។ ការវាយប្រហារទាំងនេះត្រូវបានអនុវត្តបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបាញ់កាំជ្រួចប្រឆាំងរថក្រោះ និងបានវាយប្រហារទាហានអ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *