Breaking៖ អ៊ីរ៉ង់ រុស្ស៊ី និងចិន ផ្ញើលិខិតទៅUNដោយប្រកាសថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុងតេអេរ៉ង់ ត្រូវបានបញ្ចប់ជាផ្លូវការ!

កាលពីថ្ងៃសៅរ៍ទី ១៨ តុលា ប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងចិន បានផ្ញើលិខិតរួមមួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ដោយប្រកាសថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់ដោយមានប្រសិទ្ធិភាព។
ប្រភពពីសារព័ត៌មានAANews។

ក្នុងលិខិតដែលសារព័ត៌មាន AANews បាននិយាយថា ប្រទេសទាំងបីនេះបានរិះគន់ចក្រភពអង់គ្លេស បារាំង និងអាឡឺម៉ង់ ដែលគេស្គាល់ថាជាក្រុម E3 ចំពោះអ្វីដែលពួកគេហៅថា ជាការប៉ុនប៉ងខុសច្បាប់ និងខុសនីតិវិធី ក្នុងការធ្វើឱ្យសកម្មយន្តការsnapback ដើម្បីដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ តាមដំណោះស្រាយលេខ 2231 របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លិខិតនោះបានអះអាងថា ការប៉ុនប៉ងរបស់ E3 ដើម្បីប្រើយន្តការនេះ គឺខុសនឹងផ្លូវច្បាប់ និងដំណើរការផ្លូវការដែលបានកំណត់” ហើយថា ប្រទេសអឺរ៉ុបទាំងបី “បានឈប់អនុវត្តតាមកាតព្វកិច្ចរបស់ពួកគេក្រោម JCPOA និងដំណោះស្រាយ 2231 ដោយខ្លួនឯង”។

លិខិតបានបញ្ជាក់ថា “តាមកថាខណ្ឌប្រតិបត្តិការទី 8 នៃដំណោះស្រាយលេខ 2231 រាល់បទប្បញ្ញត្តិរបស់វាត្រូវបានបញ្ចប់បន្ទាប់ពីថ្ងៃទី 18 តុលា ឆ្នាំ 2025”។ ពួកគេបានសង្កត់ធ្ងន់ថា ការបញ្ចប់នេះបង្ហាញពី “ចំណុចបញ្ចប់នៃការពិចារណារបស់ក្រុមប្រឹក្សាសន្តិសុខអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់” និងជាជំហានមួយដើម្បី “ពង្រឹងសមត្ថភាពនៃការទូតពហុភាគី”។

អ៊ីរ៉ង់ រុស្ស៊ី និងចិន ក៏បានអំពាវនាវឱ្យប្រទេសទាំងអស់ រក្សាការប្តេជ្ញាចិត្តសន្តិភាព ដោយស្វែងរកដំណោះស្រាយនយោបាយតាមរយៈការចរចា និងការទូត ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក។ ពួកគេក៏បានលើកឡើងថា គួរជៀសវាងការដាក់ទណ្ឌកម្មឯកតោភាគី ការគំរាមកំហែងដោយកម្លាំង ឬសកម្មភាពណាមួយដែលអាចបណ្តាលឲ្យស្ថានការណ៍កាន់តែតានតឹង។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version