ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនកំពុងធ្លាក់ចូលក្នុងសភាពតានតឹងជាថ្មីម្តងទៀត ខណៈអ្នកជំនាញជាច្រើនព្រមានថា សកម្មភាពពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ បានឈានទៅកាន់សង្គ្រាមពាណិជ្ជកម្មដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចពិភពលោក។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី 22 តុលា។
បញ្ហាទាក់ទាញចុងក្រោយបង្អស់កើតឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសពង្រីកការរឹតបន្តឹងលើការនាំចេញ លោហៈកម្រ (Rare Earth Elements) នៅថ្ងៃទី 9 តុលា ដោយបន្ថែមធាតុច្រើនប្រភេទទៀតទៅក្នុងបញ្ជីហាមនាំចេញ។ ការសម្រេចចិត្តនេះត្រូវបានមើលឃើញថា ជាការឆ្លើយតបដល់វិធានការរបស់រដ្ឋបាលប្រធានាធិបតី Donald Trump ដែលបានពង្រីកបញ្ជីអង្គភាពចិន ដែលត្រូវបានហាមចូលរួមពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិក។
ប្រទេសចិនជាប្រទេសមានទុនបំរុង និងកន្លែងកែច្នៃលោហៈកម្រ ច្រើនបំផុត នៅលើពិភពលោក។ លោហៈទាំងនេះគឺជាសមាសធាតុសំខាន់សម្រាប់ផលិតផលបច្ចេកវិទ្យាទំនើបដូចជា យានយន្តអគ្គិសនី ស្មាតហ្វូន កុំព្យូទ័រយួរដៃ និងឧបករណ៍ការពារ។ ប៉េកាំងក៏បានចាប់ផ្តើមទាមទារឱ្យប្រទេសនាំចូលទទួលបានអាជ្ញាប័ណ្ណពិសេស សម្រាប់សម្ភារៈដែលមានដាននៃរ៉ែចិន ឬផលិតដោយបច្ចេកវិទ្យាចិន។
នៅចំណុចប៉ះទង្គិចនោះ សហរដ្ឋអាមេរិកបានពង្រីកវិធានការរឹតបន្តឹងរបស់ខ្លួន ដោយកំណត់ការចូលប្រើបន្ទះឈីប (semiconductors) ទំនើបៗសម្រាប់ក្រុមហ៊ុនចិន និងបានបន្ថែមពន្ធលើនាវាដឹកទំនិញដែលពាក់ព័ន្ធនឹងប្រទេសចិន។ គោលបំណងគឺដើម្បីលើកកម្ពស់ឧស្សាហកម្មផលិតកប៉ាល់ក្នុងស្រុក និងបន្ថយការពឹងផ្អែកលើការដឹកជញ្ជូនសកលដែលចិនកាន់កាប់ភាគច្រើន។ ប៉េកាំងបានឆ្លើយតបដោយដាក់ពន្ធ និងវិធានការទប់ស្កាត់លើនាវាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកផងដែរ៕