ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយប្រហារ ទៅលើទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល ។
ដែលមានទីតាំងនៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan នៃប្រទេសអ៊ីរ៉ាក់ ខណៈដែលកងកម្លាំងជំនាញ ពិសេស ក៏បានអះអាងពីការវាយប្រហារ នៅស៊ីរី ប្រឆាំងនឹងក្រុម ISIS ផងដែរ។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អ៉ីស្រាអែលនាពេលថ្មីៗនេះ ដែលបណ្តាលឲ្យមានការសម្លាប់ក្រុមមេបញ្ជាការឆ្មាំបដិវត្តន៍ ក៏ដូចជាសមាជិកដ៏ទៃទៀត..ទីស្នាក់ការកណ្តាលចារកម្ម Mossad ដ៏សំខាន់មួយនៅក្នុងតំបន់ Kurdistan របស់អ៊ីរ៉ាក់ ត្រូវបានបំផ្លាញដោយមីស៉ីលផ្លោង។
យើងសូមធានាដល់ប្រជាជាតិថា ប្រតិបត្តិការវាយលុករបស់ឆ្មាំបដិវត្តន៍ នឹងបន្តរហូតដល់ការសងសឹកឈានដល់ដំណាក់ចុងកាលក្រោយ»។
ក្រៅពីនេះ អ៊ីរ៉ង់ក៏បានប្តេជ្ញាសងសឹកចំពោះការសម្លាប់សមាជិកឆ្មាំបដិវត្តន៍ ៣នាក់នៅឯស៊ីរី កាលពីខែធ្នូ រួមទាំងមេបញ្ជាការឆ្មាំជាន់ខ្ពស់ម្នាក់ ដែលបានបម្រើការជាទីប្រឹក្សាយោធានៅទីនោះផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហារនេះ កើតឡើងចំពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះ ។
ដែលអាចរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាសផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ដោយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានហក់ចូលទៅក្នុងជម្លោះនេះចេញពីប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន៕