ទីក្រុង Islamabad បាននិយាយថា ប្រទេសប៉ាគីស្ថាន និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាដើម្បី “បន្ថយភាពតានតឹង”។
បន្ទាប់ពីការផ្លាស់ប្តូរ នៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកក្នុងសប្តាហ៍នេះ។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Jalil Abbas Jilani និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ។
ក្នុងនោះរដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការកម្រិតការងារ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើការប្រឆាំងភេរវកម្ម និងទិដ្ឋភាពផ្សេងទៀតនៃការព្រួយបារម្ភទៅវិញទៅមក គួរតែត្រូវបានពង្រឹង ហើយពួកគេក៏បានយល់ព្រមក្នុងការបន្ធូរបន្ថយស្ថានការណ៍នេះផងដែរ។
ជាមួយគ្នានោះ ការវិលត្រឡប់ របស់ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ ទៅកាន់រដ្ឋធានីរៀងៗខ្លួន ក៏ត្រូវបានពិភាក្សាផងដែរ។
គួររំលឹកថា កាលពីយប់ថ្ងៃអង្គារ អ៊ីរ៉ង់បានធ្វើការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងក្រុមប្រដាប់អាវុធ Jaish al-Adl នៅខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
ខណៈដែលប៉ាគីស្ថានក៏បានវាយប្រហារគោលដៅក្រុមប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍វិញដែរ៕