(មណ្ឌលគិរី)៖ កូនដំរីព្រៃមួយក្បាលអាយុប្រមាណ៦ខែ ត្រូវពលរដ្ឋនៅស្រុកកោះញែក ប្រទះឃើញងាប់កណ្តាលព្រៃ..!។
ការងាប់កូនដំរីនេះ សង្ស័យមានការបាញ់ប្រហារ ដោយកាំភ្លើងពីក្រុមជនដៃដល់ ខណៈសមត្ថកិច្ច កំពុងស្រាវជ្រាវ រកចាប់ជនបង្ក។
ប្រជាពលរដ្ឋ ស្រុកកោះញែក បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា កូនដំរីព្រៃមួយក្បាលដែលងាប់នេះត្រូវបានអ្នកដើរចូលព្រៃប្រទះឃើញ នៅកណ្តាលព្រៃម្តុំអូរថ្ម ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីសៀលថ្ងៃទី២៦ ខែមករា។
តាមការពិនិត្យឃើញមានស្នាមរបួសគេសង្ស័យ ដោយសារការបាញ់ប្រហារ ដោយកាំភ្លើងពីក្រុមព្រាន។
លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យអ្នកសារព័ត៌មានដឹងថា ពិតជាមានករណីនេះបានកើតឡើងប្រាកដមែន។
ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋលោកបានចាត់ចែងឱ្យជំនាញធ្វើកោសល្យវិច័យ និងបានបញ្ជាក់ថា កូនដំរីព្រៃដែលងាប់នោះមានអាយុប្រហែល ៦ខែប៉ុណ្ណោះ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងទៀតថា ករណីនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវតាមចាប់ជនបង្កឱ្យខាងតែបានដើម្បីយកមកអនុវត្តតាមច្បាប់៕