(ភ្នំពេញ)៖ លោក ឈឿន រិទ្ធី ហៅនាយ ស្វិត តារាកំប្លែង បានទទួលមរណភាព នៅថ្ងៃទី២៧.០១.២០២៤ ដោយឈា.មកកក្នុងខួរក្បាល។
ដំណឹងពីមរណភាព របស់តារាកំប្លែងរូបនេះ ត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គមពីសំណាក់តារាកំប្លែងនាយ ខ្ចៅ ដែលត្រូវជាកូននាយ ខ្ជឹប ដៃគូសម្តែងរបស់នាយស្វិត ។
នាយខ្ចៅ បានបង្ហោះសារដោយភ្ជាប់ជាមួយនឹងរូបភាពនាយ ស្វិត ថា លឿនពេកហើយលោកគ្រូស្វិត ជីវិតមនុស្សខ្លីណាស់លោកអើយ សូមដួងវិញ្ញាណខន្ធលោកគ្រូទៅកើតទីឋានសុគតិភពផងចុះ។
មុនមរណភាពនាយស្វិត នេះកន្លងមកតារាកំប្លែងជើងចាស់នាយ ក្រឹម ធ្លាប់បានប្រកាសនៅលើបណ្តាញសង្គមថា ខ្ញុំបាទ នាយក្រឹម ជាប្រធានក្រុមកំប្លែង ប្រចាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត យុវជនសម្តេចតេជោ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងក្រុមគ្រូពេទ្យ#TYDA ទាំងអស់ ។
ដែលបានយកចិត្តទុកដាក់ ព្យាបាលជំងឺប្រកបដោយវិជ្ជាជីវ: ដល់តារាកំប្លែងនាយស្វិត ដែលមានជំងឺប្រចាំកាយសម្រាកនៅមន្ទីរពេទ្យដោយមិនគិតថវិកា និងបានឧបត្ថមការចំណាយបន្ថែមផ្សេងៗជាច្រើនទៀត ដល់តារាកំប្លែងនាយស្វិត ។
លោកបញ្ជាក់ថា នាយស្វិតបានសំរាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ដោយគាត់មានជំងឺទឹកនោមផ្អែម ខូចក្រលៀន ត្រូវលាងឈាមជាប្រចាំ។
យ៉ាងណាដំណឹងមរណភាពរបស់នាយ ស្វិត នាពេលនេះបានធ្វើអោយទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្របាននាំគ្នាចូលរួមសោកស្តាយ និងរំលែកទុក្ខទៅកាន់ក្រុមគ្រួសារ ។
ខណះៈពេលមរណភាពរបស់នាយ ស្វិត នាពេលនេះគឺជាការបាត់បង់ធនធានអ្នកសិល្បះមួយដ៏ល្អដែលធ្លាប់បម្រើអារម្មណ៍ទស្សនិកជនអោយបានសើចសប្បាយ ។
គួរបញ្ជាក់ថា នាយស្វិត ជាយស្វិត មានឈ្មោះដើមឈឿន រិទ្ធី ស្រុកកំណើតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
នាយមានបងប្អូនចំនួន៦នាក់ ប្រុស៣ ស្រី៣ ក្នុងនោះនាយជាកូនទី៣ បងប្អូនទាំង៦នាក់របស់នាយសុទ្ធតែជាអ្នកសិល្បៈ ដោយសារតែពូជពង្សវង្សត្រកូលជាអ្នកសិល្បៈល្ខោនបាសាក់តាំងពីដូនតាមក ។
នាយស្វិតបានចាប់អាជីពសិល្បៈល្ខោនបាសាក់តាំងពីទសវត្ស៨០មកម្ល៉េះ ពីតូចនាយលេងជាតួអង្គកុមារ តែឥឡូវចាប់ជំនាញជាតួកំប្លែង ។
ការចេះលេងកំប្លែងនេះដោយសារតែនាយរៀនពីនាយវ៉ាំងដឺ ដែលធ្លាប់សម្តែងឱ្យក្រុមល្ខោនម្តាយរបស់លោក ។
នៅឆ្នាំ២០០១ នាយស្វិត បានមកនៅភ្នំពេញ ជាមួយនាយវ៉ាំងដឺ ហើយតែងតែជូនវ៉ាំងដឺ ទៅលេងកំប្លែងតាមហាង តែនាយមិនទាន់ហ៊ានសម្តែងទេ ព្រោះមិនទាន់ទុកចិត្ត ។
លុះនាយវ៉ាំងដឺ ចែកឋានទៅ នាយចាបចៀន នាយក្រឹម និងអ្នកនាងខាត់ សុឃីម ជាដើម ជួយពន្យល់ណែនាំនាយឱ្យចេះលេងកំប្លែង ព្រោះមើលឃើញនាយមាននិស្ស័យកំប្លែង។
អ្នកទាំងនោះបើកឱកាសឱ្យនាយសម្តែង ហើយមានគេស្គាល់មកទល់នឹងពេលនេះ។
បច្ចុប្បន្ន សពលោក ឈឿន រិទ្ធី កំពុងតម្កល់ទុកធ្វើបុណ្យ តាមប្រពៃណីនៅផ្ទះរបស់លោក ស្ថិតនៅបុរី ចាន់សុវណ្ណ ខណ្ឌកំបូល៕