(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានស្នើសុំដល់ប្រជាពលរដ្ឋ និងតម្រូវឱ្យបញ្ឈប់សកម្មភាព អាស្រ័យផលលើដីរបស់រដ្ឋ ដែលបានចុះបញ្ជីឱ្យ ក្រុមហ៊ុនចិនចំនួន៥ វិនិយោគដាំអំពៅ ជាដំណាំកសិឧស្សាហកម្ម នាពេលឆាប់ៗខាងមុខ…!។
ការអំពាវនាវពីអាជ្ញាធរនេះ បានធ្វើឡើងក្នុងអង្គសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក ណុប វុទ្ធី អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ក្នុងនោះមានការចូលរួមពី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងតំណាង មន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងសុរិយោដី តំណាងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ អភិបាលស្រុកឆែប និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
លោក ណុប វុទ្ធី អភិបាលរងខេត្តបានលើកឡើងពីប្រវត្តិសវតា នៃដំណើរការកិច្ចសន្យារវាងក្រុមហ៊ុនចិនទាំង៥ ។
បានចុះកិច្ចសន្យាជួលដីរដ្ឋ ដែលបានចុះបញ្ជីរួចធ្វើវិនិយោគដាំដំណាំអំពៅ និងដំណាំកសិឧស្សាហកម្មផ្សេងៗទៀត រយៈពេល៥០ឆ្នាំ លើផ្ទៃដីដែលបានចុះបញ្ជីរួចចំនួន២០.១៧៨,៧២ហិកតា។
ក្រុមហ៊ុនចិនទាំង៥ ដែលទទួលបានសិទ្ធវិយោគនោះរួមមាន៖
-ក្រុមហ៊ុន ឡាន ហ្វេង វិនិយោគស្ថិតក្នុងស្រុកជ័យសែន និងស្រុកត្បែងមានជ័យ។
-ក្រុមហ៊ុន ហេង ណុក វិនិយោគនៅស្រុកជ័យសែន។
-ក្រុមហ៊ុន រួយហ្វេង វិនិយោគនៅស្រុកជ័យសែន និងស្រុកឆែប។
-ក្រុមហ៊ុន ហេង យូ វិនិយោគនៅស្រុកឆែប។
-ក្រុមហ៊ុន ហេង រ៉យ វិនិយោគនៅស្រុកឆែប។
លោក ណុប វុទ្ធី បានឱ្យដឹងទៀតថា អំឡុងមានវិបត្តិនៃជំងឺកូវីដ១៩ ក្រុមហ៊ុនទាំងនោះបានផ្អាកសហកម្មភាព ដាំដំណាំជាបណ្តោះអាសន្ន ជាហេតុធ្វើឱ្យដីទំនេរបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចូលអាស្រ័យផលដាំដំណាំផ្សេងៗ ។
ប៉ុន្តែដោយការយោគយល់ របស់អាជ្ញាធរខេត្តព្រះវិហារ គឺបានឱ្យប្រជាពលរដ្ឋ ធ្វើកិច្ចសន្យា ។
ពេលដែលប្រមូលផលរួចត្រូវបញ្ឈប់ ការដាំដុះលើដីវិនិយោគនេះតទៅទៀត។
ប៉ុន្តែពីមួយរដូវទៅមួយរដូវ ពីមួយឆ្នាំទៅមួយឆ្នាំ បងប្អូននៅតែបន្ត ដាំដំណាំលើដីនេះដដែល។
អភិបាលរងខេត្តបានបន្តថា ប៉ុន្មានថ្ងៃមុននេះមានវិទ្យុមួយផ្សាយថា ក្រុមហ៊ុនចម្ការអំពៅបានធ្វើឱ្យប៉ះពាល់លើដីប្រជាពលរដ្ឋ ជាជនជាតិភាគតិចចំនួន៦០ហិកតា។ ករណីនេះលោក ណុប វុទ្ធី បានប្រាប់អ្នកសារព័ត៌មានថា ជារឿងមិនពិតទេ។ដីជាង៦០ហិកតានោះ គឺជាដីរបស់រដ្ឋ ដែលបានចុះបញ្ជីឱ្យក្រុមហ៊ុនចិន រួយហ្វេង រួចហើយ មិនដូចការផ្សាយរបស់វិទ្យុនោះទេ។
សំណួរអ្នកសារព័ត៌មានបានសួរថា តើអាជ្ញាធរខេត្តមានវិធានការ បែបណាដើម្បីបញ្ចប់វិវាទដីនៅក្រុមហ៊ុនចម្ការអំពៅនេះ?។
លោក ណុប វុទ្ធី បានឆ្លើយថា ដោយអនុវត្តតាមអនុសាសន៍របស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ គឺយកយន្តការដោះស្រាយ ក្រៅប្រព័ន្ធតុលាការ។
ដោយអាជ្ញាធរខេត្ត មិនចង់ឃើញបងប្អូនមានទោសទណ្ឌទេ ហើយតែងព្យាយាមដោះស្រាយ ក៏ដូចជាការអំពាវនាវឱ្យបងប្អូន ត្រូវគោរពច្បាប់ ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនអភិវឌ្ឍលើដីនោះ៕