សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ (IRNA), នៅថ្ងៃចន្ទទី២៩ខែមករា គឺទីក្រុងតេហេរ៉ង់ បានប្រហារជីវិតមនុស្សចំនួន៤នាក់ ដោយចោទប្រកាន់ថាមានទំនាក់ទំនងជាមួយភ្នាក់ងារចារកម្មអ៊ីស្រាអែល។
ការប្រហារជីវិតនេះកើតឡើង បន្ទាប់ពីតុលាការកំពូល សម្រេចច្រានចោលបណ្តឹងឧទ្ធរណ៍ របស់អ្នកទាំងបួន។
តាមការចោទប្រកាន់ ជនជាប់ចោទបានចូលទឹកដីអ៊ីរ៉ង់ដោយខុសច្បាប់ តាមច្រកពីតំបន់ Kurdistan នៃប្រទេសអ៊ីរ៉ាក់ ដើម្បីធ្វើប្រតិបត្តិការបំផ្ទុះគ្រាប់បែកក្នុងរោងចក្រផលិតគ្រឿងសឹកសម្រាប់ក្រសួងការពារជាតិអ៊ីរ៉ង់ នៅទីក្រុង Isfahan។
យោងតាមសេចក្តីរាយការណ៍ខាងលើបន្តថា ប្រតិបត្តិការរបស់ពួកគេ គ្រោងធ្វើឡើងនៅរដូវក្តៅឆ្នាំ២០២២ ជំនួសមុខឲ្យភ្នាក់ងារ Mossad របស់អ៊ីស្រាអែល ប៉ុន្តែត្រូវចារកម្មអ៊ីរ៉ង់ រារាំងទាន់ពេល។
ជាការពិតណាស់ អ៊ីរ៉ង់ និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមគ្នាយូរមកហើយ ហើយបច្ចុប្បន្នកំពុងរកាំរកូសគ្នាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទៀតផង។
អ៊ីស្រាអែល ថែមទាំងចោទអ៊ីរ៉ង់ទៀតថា បានគាំទ្រការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប្រឆាំងនឹងខ្លួន ខណៈអ៊ីរ៉ង់និយាយថា អ៊ីស្រាអែល ក៏សម្លាប់មន្ត្រី និងអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ជាច្រើននាក់មកហើយដែរ៕