(ភ្នំពេញ)៖សមត្ថកិច្ចបានបញ្ជូនឧក្រិដ្ឋជនដែលជាជនជាតិចិនចំនួន៦នាក់ និងវត្ថុតាងគ្រឿងញៀនជាង១.៥០០គីឡូក្រាម ទៅតុលាការខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៨ ខែមករា ដើម្បីចាត់ការតាមច្បាប់។
យោងតាមផេកអគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី២៩ ខែមករាបានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនចំនួន៦នាក់ និងវត្ថុតាងគ្រឿងញៀន៥១កេសចំនួន១.៥៣០ដុំស្មើទម្ងន់១តោន៥១៣គីឡូ៤០៩.៦០ក្រាម។កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនក្រុមឧក្រិដ្ឋជននិងវត្ថុតាង ទៅតុលាការខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២២ ខែមករាឆ្នាំ២០២៤កម្លាំងជំនាញ ក៥ នៃក្រសួងមហាផ្ទៃ ជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០-នគរបាលខេត្តព្រះសីហនុ និងនគរបាលរាជធានីភ្នំពេញ បានអនុវត្តតាមបទបញ្ជាពីលោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
កម្លាំងបានស្រាវជ្រាវស៊ើបអង្កេត និងឃ្លាំមើលមុខសញ្ញា ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ចេញតាមលំហសមុទ្រ គោលដៅទៅដែនកោះចិនតៃវ៉ាន់។ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជន នៅ៣ទីតាំងផ្សេងគ្នា។ទី១-កំពង់ផែកំពេញស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ទី២-ផ្ទះជួលផ្លូវទំនប់រលក ភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ទី៣-ផ្ទះលេខ១៥៦ ផ្លូវ២៣ បូរីពិភពថ្មី៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយចាប់បានជនសង្ស័យ ជនជាតិចិនចំនួន៦នាក់។ក្នុងនោះជាមួយវត្ថុតាងគ្រឿងញៀនសរុប១.៥៣០ដុំស្មើទម្ងន់១តោន៥១៣គីឡូ៤០៩,៦០ក្រាម-ទូកនេសាទ២គ្រឿង-ទូកខ្យល់១គ្រឿង-រថយន្ត២គ្រឿង-ម៉ូតូ១គ្រឿង-ទូរសព្ទដៃ១២គ្រឿង។
ក្រោយពីឃាត់ខ្លួននិងសាកសួររួច កម្លាំងជំនាញបានកសាងសំណុំ បញ្ជូនគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ និងងឧក្រិដ្ឋជន៦នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕