យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងសមុទ្រ នៃឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ។
ហើយអាកាសយានិក ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព នេះជាការធ្លាក់លើកទីពីរ នៃយន្តហោះ F-16 ក្នុងរយៈពេលត្រឹមតែជាងមួយខែ នៅក្នុង ប្រទេស។
យោធាអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំង F-16 Fighting Falcon ខាងលើ បានជួបបញ្ហាអំលុងពេលហោះហើរនៅលើផ្ទៃសមុទ្រ ហើយក៏បានធ្លាក់ ខណៈពីអ្នកបើកបរ បានចុចកៅអីផ្តាច់ចេញពីយន្តហោះដោយសុវត្ថិភាព ហើយត្រូវបានជួយសង្រ្គោះនៅរយៈពេលប្រហែលជា១ម៉ោងក្រោយមក។
ជាមួយគ្នានេះ យោធាអាមេរិកបានអរគុណកិច្ចសហការ របស់ក្រុមភ្នាក់ងារសង្រ្គោះកូរ៉េខាងត្បូង ហើយបាននិយាយថា នាពេលនេះរឿងសំខាន់គឺផ្តោតទៅលើ ការស្វែងរកយន្តហោះដែលធ្លាក់។
គួរបញ្ជាក់ថា ទីក្រុង Gunsan នៅឆ្នេរភាគខាងលិច គឺជាកន្លែងស្ថិតនៅនៃមូលដ្ឋានមួយ ក្នុងចំណោមមូលដ្ឋានទ័ពអាកាសចម្បងទាំង២ ដែលប្រើប្រាស់ដោយយោធាអាមេរិក ក្នុងប្រទេសកូរ៉េខាងត្បូង។ កាលពីខែធ្នូ ចុងឆ្នាំមុន យន្តហោះចម្បាំង F-16 មួយគ្រឿងទៀតរបស់អាមេរិក ក៏បានធ្លាក់នៅកូរ៉េខាងត្បូងផងដែរ អំលុងការហោះហើរហ្វឹកហ្វឺនជាប្រចាំ ហើយពីឡុតត្រូវបានជួយសង្រ្គោះ៕