(ពោធិ៍សាត់)៖ ខ្មាន់កាំភ្លើងមានគ្នា២នាក់ បានជិៈម៉ូតូឌុបគ្នា មកឈប់មុខផ្ទះជនរងគ្រោះ រួចម្នាក់ចូលទៅបាញ់មនុស្សក្នុងផ្ទះនោះ បណ្តាលឱ្យរងរបួស៣នាក់..!។
ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងស្ថិតនៅ ភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុង/ខេត្តពោធិ៍សាត់ កាលពីម៉ោងប្រមាណ៨យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។
រហូតព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ គេមិនទាន់បានដឹងពីតម្រុយក្រុមជនដៃដល់នៅឡើយទេ ។
ខណៈសមត្ថកិច្ចពាក់ព័ន្ធ កំពុងមមាញឹក បើកការស៊ើបអង្កេតស្រាវជ្រាវ តាមជំនាញរៀងៗខ្លួន និងស្វែងរកចាប់ខ្មាន់កាំភ្លើង យកមកចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា តាមការពិនិត្យក្នុងកាមេរ៉ាសុវត្តិភាព ឃើញក្រុមជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១០០ អ្នកបើកម៉ូតូពាក់មួកកាតិប។
រីឯជនដៃដល់ពាក់អាវព័ណ៌ស ពាក់មួកសុវត្តិភាព បានមកឈប់មុខផ្ទះជនរងគ្រោះ។ពេលនោះជនដៃដល់ម្នាក់ បានដើរចូលទៅក្នុងផ្ទះហើយបាញ់៦ទៅ៧គ្រាប់ ។
ខណៈក្រុមគ្រួសារកំពុងជួបជុំហូបបាយ បណ្ដាលឱ្យរងរបួស៣នាក់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យទាំងកណ្តាលយប់។
ក្រោយបាញ់ប្រហារខ្មាន់កាំភ្លើងបានរត់ឡើងម៉ូតូ ដែលបក្ខពួកបញ្ជេះរង់ចាំ ហើយគេចខ្លួនបាត់។
ប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះ ទិត្យ កុសល អាយុ ៣៤ឆ្នាំ ជាអាជីវករទិញលក់ត្រី រងរបួសធ្ងន់ស្ថិតក្នុងការសង្រ្គោះបន្ទាន់។
ឈ្មោះ ជា វួចហេង អាយុ ៣៣ឆ្នាំជាប្រពន្ធ និងឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ៦១ឆ្នាំរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងដើម្បីពិនិត្យ ស្ថានការណ៍ ហើយបើកការស្រាវជ្រាវភ្លាមៗ៕