តាមសេចក្តីរាយការណ៍ របស់ Reuters នៅថ្ងៃពុធទី៧ ខែកុម្ភៈបានឲ្យដឹងថា អតីតប្រធានាធិបតីឈីលីលោក Sebastián Piñera បានទទួលមរណភាព ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ។
ប៉ុន្តែមនុស្ស៣នាក់ទៀត ដែលជិះជាមួយគាត់ មិនបាត់បង់ជីវិតឡើយ។
គេដឹងថា អតីតប្រធានាធិបតីវ័យ៧៤ឆ្នាំរូបនេះ បានជិះឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់គាត់ នៅពេលធ្លាក់ចូលក្នុងបឹងមួយជិតទីក្រុង Lago Ranco ភាគខាងត្បូង។
សាកសពរបស់គាត់ ត្រូវបានកងទ័ពជើងទឹកឈីលី ស្រង់ចេញពីកន្លែងកើតហេតុ ហើយតាមការដឹងនាពេលកន្លងមក ឲ្យតែរៀងរាល់ខែកុម្ភៈ គាត់តែងតែចំណាយពេលវិស្សមកាលជាមួយគ្រួសារជានិច្ច។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានបញ្ជាក់ច្បាស់អំពីមូលហេតុនៃការធ្លាក់នេះទេ ហើយប្រទេសឈីលី ក៏បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃផងដែរ។
សូមបញ្ជាក់ថា អ្នកនយោបាយអភិរក្សរូបនេះ បានកាន់តំណែង២អាណត្តិ ហើយក៏ជាមហាសេដ្ឋីជំនួញផងដែរ។ គាត់ត្រូវបានគេសរសើរថា ជាបុគ្គលជួយឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងអំឡុងអាណត្តិដំបូងរបស់គាត់ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៤។
នៅក្រៅប្រទេស គាត់បានបង្កភាពល្បីល្បាញចំពោះរឿងរ៉ាវ ដែលគាត់ខិតខំដុតដៃដុតជើងជួយសង្គ្រោះកម្មកររ៉ែចំនួន៣៣នាក់ដែលជាប់គាំងអស់រយៈពេល៦៩ថ្ងៃនៅក្រោមវាលខ្សាច់ Atacama ក្នុងឆ្នាំ២០១០ ហើយរឿងនោះជារឿងដែលធ្វើឲ្យពិភពលោកកោតស្ញប់ស្ញែង។
យ៉ាងណាក្តី អាណត្តិទី២ របស់គាត់ ចន្លោះឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ត្រូវញាំញី ដោយភាពចលាចលសង្គមជាពិសេសអំពើហិង្សា៕